(កំពង់ធំ)៖ លោកស្រី សេន សាណាស់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានបន្តធ្វើវេទិការសាធារណៈ នៅឃុំបារាយណ៍ ស្រុកបារាយណ៍ ដើម្បីផ្តល់​ឱកាសឱ្យប្រជាពលរដ្ឋ បានចូលសំដែងមតិ ឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិ ឃុំ មានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្ត​ជូនប្រជាពលរដ្ឋក្នុង​មូលដ្ឋាន។

នាកាសនោះដែរ លោកស្រី សេន សាណាស់ បានថ្លែងថា ក្រសួងអធិការកិច្ច មានតួនាទីភារកិច្ចស្នូល គឺលើអធិការកិច្ចគ្រប់ក្រសួងស្ថាប័ន នៅព្រះរាជាណាចក្រកម្ពុជា គឺគោលបំណងកែលម្អ បង្ក្រាប និងប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ឬបង្ក្រាបនូវបេសកកម្មគោលយោបាយចរាចរណ៍ជាយថាហេតុ។

លោកស្រីបានបន្តថា ក្រសួងអធិការកិច្ច គឺជាក្រសួងអធិការកិច្ចសម្រួច​ការងារបេសកកម្មទៅលើអធិការកិច្ចគ្រប់វិស័យនៅកម្ពុជា។ ទន្ទឹមនឹងនោះដែរ ពលរដ្ឋត្រូវជ្រាបថាក្រសួងអធិការកិច្ច គឺជាភ្នែក ជាត្រចៀកហើយក៏ជាមិត្តស្និទ្ធ ជាមួយប្រជាពលរដ្ឋគ្រប់រូប។

លោកស្រីបានសំណូម ហើយលើសំណូមពរបងប្អូននូវរាល់កង្វល់ដោះស្រាយនៅកន្លែងនេះផ្ទាល់ ហើយសុំជូនបងប្អូនជ្រាបដែលថា ការដោះស្រាយបញ្ហានីមួយៗ សូមទទូចចិត្តប្រជាពលរដ្ឋវិញថា ការដោះស្រាយមានដំណាក់ការ​ដំណាក់ការមួយៗ។

បើតាមលោកអភិបាលរងខេត្តកំពង់ធំ វេទិកាសាធារណៈនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់​ឱកាសឱ្យប្រជាពលរដ្ឋ បានចូលសំដែងមតិ ឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិ ឃុំមានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្ត​ជូនប្រជាពលរដ្ឋក្នុង​មូលដ្ឋាន។ ដូចនេះរាល់វេទិការសាធារណៈនៅគ្រប់មូលដ្ឋានប្រជាពលរដ្ឋត្រូវហ៊ាននិយាយការពិត​នូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ព្រោះថាវេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់​ឱកាសឱ្យប្រជាពលរដ្ឋ បញ្ចេញយោបល់ ដើម្បីធ្វើការកែលម្អភាពចន្លោះប្រហោង​របស់​មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ងួន រាសី បានបញ្ជាក់ថា ភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ គឺមានតួនាទីលើកកម្ពស់ការដឹកនាំ សម្របសម្រួល និងគាំទ្រដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប៉ុន្តែ មិនមានតួនាទី ឬសិទ្ធិសម្រេច កិច្ចការជំនួសក្រសួង និងស្ថាប័ននានានោះឡើយ ហើយក៏ពុំអាចចាត់ចែងកិច្ចការជំនួសរដ្ឋបាល ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានានោះដែរ៕