(រតនគិរី)៖ លោក ធូ ឃឿ អភិបាលក្រុងបានលុង និងលោក កៃ សុវិន អភិបាលរងក្រុង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងអាវុធហត្ថក្រុង, កម្លាំងនគរបាលក្រុង, អាជ្ញាធរសង្កាត់ឡាបានសៀក និងសិស្សវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ បើកយុទ្ធនាការ «យើងទាំងអស់គ្នាចូលរួមរំដោះចិញ្ចើមផ្លូវ» ជុំវិញផ្សារបានលុង ក្រុងបានលុង ខេត្តរតនគិរី។

នៅក្នុងឱកាសនោះ លោក ធូ ឃឿ បានណែនាំអប់រំប្រជាពលរដ្ឋ និងក្រុមអាជីវករទាំងអស់នៅជុំវិញផ្សារបានលុង ឱ្យបានយល់ដឹង និងចូលរួមពាក្យស្លោក «យើងទាំងអស់គ្នាចូលរួមរំដោះចិញ្ចើមផ្លូវ» នៅតាមចិញ្ចើមផ្លូវ មុខផ្ទះរៀងៗខ្លួន។

អភិបាលក្រុងបានលុង បានបន្តថា «យុទ្ធនាការយើងទាំងអស់គ្នាចូលរួមរំដោះចិញ្ចើមផ្លូវ» ជុំវិញទីប្រជុំជនផ្សារបានលុងនេះ អាជ្ញាធរនឹងបន្តអនុវត្តជាប្រចាំ ពិសេសទីកន្លែងដាក់តាំងលក់ទំនិញធំ-តូច ដែលលយចេញពីសំយ៉ាបផ្ទះ តម្រូវឱ្យមានការរៀបចំអីវ៉ាន់ទំនិញផ្សេងៗទៅតាមគំនូសឱ្យបានល្អចៀសវាងបំពាន ក្នុងករណីប្រជាពលរដ្ឋ និងក្រុមអាជីវករណាមិនគោរពការណែនាំរបស់អាជ្ញាធរទេនោះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

លោក ធូ ឃឿ បានបញ្ជាក់ថា ជាងនេះទៅទៀតប្រជាពលរដ្ឋល្អជួយគ្នាថែរក្សាចិញ្ចើមផ្លូវជាគុណប្រយោជន៍សម្រាប់អ្នកថ្មើរជើង, អ្នកទេសចរណ៍, ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ប្រឆាំងដាច់ខាតអ្នកលក់ដូរលើចិញ្ចើមផ្លូវ, មានចិញ្ចើមផ្លូវ (ភូមិខ្ញុំមានសោភណ្ឌភាព) ប៉ុន្តែបើមានការលក់ដូរលើចិញ្ចើមផ្លូវបំផ្លាញ និងធ្វើឱ្យបាត់អ្នកទេសចរណ៍ផងដែរ។

ផ្ទុយទៅវិញអាជ្ញាធរ ក៏បានសម្តែងការអរគុណ និងគាំទ្រប្រជាពលរដ្ឋ និងក្រុមអាជីវករដែលចូលរួមជាមួយក្រុមអាជ្ញាធរ មានសមត្ថកិច្ចសំដៅលើកមុខមាត់ក្រុងបានលុង ខេត្តរតនគិរី ឱ្យប្រសើរឡើង៕