(ឧត្ដរមានជ័យ)៖ ក្រុមក្មេងទំនើងចំនួន២ក្រុម មានគ្នា១០នាក់ ដែលជិះម៉ូតូដេញកាប់ចាក់គ្នាពេញដងផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាលស្រុកអន្លង់វែង ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច ការឃាត់ខ្លួនក្រុមក្មេងទាំង២ក្រុមនេះ គឺធ្វើឡើងនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រោយពេលដែលក្មេងទំនើងទាំង២ក្រុម ប្រដាប់ដោយដាវ និងកាំបិត បានជិះម៉ូតូដេញកាប់គ្នាតាមដងផ្លូវ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមទី១៖ មានក្មេងទំនើងចំនួន៦នាក់ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង កាំបិតខ្វែវ២ កាំបិតកាចែត១ និងដាវ១។ ដោយឡែកក្រុមទី២៖ មានក្មេងទំនើងចំនួន៤នាក់ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង និងកាំបិត២ សរុបវត្ថុតាងដែលដកហូតពីក្រុមក្មេងទំនើងទាំង២ក្រុម មានកាំបិតខ្វែវចំនួន៤, កាំបិតកាចែត១, ដាវ១ និងម៉ូតូ ចំនួន២គ្រឿង។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង២ក្រុម និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសុំណុំរឿងបន្តបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ នារសៀលថ្ងៃនេះ៕