(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ) សហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ បានរៀបចំសិក្ខាសិលាបណ្តុះបណ្តាលស្តីពី «បទដ្ឋានគតិយុត្ត នៃហិរញ្ញប្បទានដោយវិស័យឯកជន សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន» ក្រោមអធិបតីភាព លោក មាស សុខសេនសាន រដ្ឋលេខាធិការ នៃ ក.ស.ហ.វ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.ស.ហ.វ និងលោក ASAD Yaqub តំណាងស្ថាប័ន IFC ប្រចាំនៅកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលដែលទទួលបន្ទុកកិច្ចការពាក់ព័ន្ធទៅនឹងការអនុវត្តគម្រោងតាមយន្ដការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងក្រុមហ៊ុនទីបឹក្សាផ្នែកច្បាប់ក្នុងស្រុកប្រមាណ ៥០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក បានប្រព្រឹត្តទៅចំនួន ៤ថ្ងៃ, ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

តាមរយៈសិក្ខាសាលាខាងលើ មានការអញ្ជើញចូលរួមពីវាគ្មិនអន្តរជាតិផ្នែកច្បាប់ ដើម្បីបណ្ដុះបណ្ដាល ចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាមដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ ១) ការគ្រប់គ្រងវដ្តគម្រោង, ២) ហិរញ្ញប្បទានគម្រោង (Project Financing), ៣) ការរៀបចំកិច្ចសន្យា, ៤) ការពិភាក្សាលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និង ៥) ការគ្រប់គ្រងហានិភ័យគម្រោង។

បន្ថែមលើនេះ សិក្ខាកាមដែលបានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលខាងលើនេះ នឹងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា (IFC Certificate Program) ដែលរៀបចំដោយ ក.ស.ហ.វ និងស្ថាប័ន IFC។

លោករដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំសិក្ខាសាលា ដែលទទួលបានកិច្ចសហការគាំទ្រពីស្ថាប័ន IFC ដើម្បីចូលរួមចំណែកដល់ការពង្រឹង និងកសាងសមត្ថភាពធនធានមនុស្ស ក៏ដូចជាជំរុញដល់ការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈតាមយន្ដការ PPP នៅកម្ពុជា ស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មុំទី៣ នៃបញ្ចកោណទី៣ ផ្ដោតសំខាន់លើការពង្រឹងភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន ដែលជាយន្ដការចម្បងក្នុងការកៀរគរហិរញ្ញប្បទានពីវិស័យឯកជន ហើយជាប្រភពមូលធនដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងយកចិត្តទុកដាក់ខ្ពស់ក្រេបយកចំណេះដឹង ព្រមទាំងបានចាប់យកឱកាសនេះដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងពិភាក្សាយ៉ាងផុសផុលលើប្រធានបទដែលវាគ្មិនបានធ្វើបទបង្ហាញ។

បន្ថែមលើនេះ លោករដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការ រវាង ក.ស.ហ.វ ជាមួយស្ថាប័ន IFC ក្នុងការចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំងបន្ដគាំទ្រ និងជំរុញដល់ការអភិវឌ្ឍគម្រោងសក្ដានុពល PPP ជាពិសេសការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែម ដើម្បីលើកកម្ពស់ការអនុវត្តយន្ដការ PPP នៅកម្ពុជា៕