(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសអំពីចំណាត់ការលើសំណុំរឿងក្មេងទំនើង២ករណី ដោយមួយករណីមានការឃុំខ្លួនជនត្រូវចោទ៨នាក់ និងមួយករណីទៀតឃុំខ្លួន៦នាក់។

ករណីទី១ តុលាការបានឃុំខ្លួនក្មេងទំនើង៨នាក់ ដែលធ្វើសកម្មភាព កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ទាក់ទិននឹងការកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នកការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញល្បាតតាមគោលដៅភូមិសាស្ត្រ ក៏បានប្រទះឃើញ ក្រុមក្មេងទំនើងមួយក្រុមកំពុងនៅទីនោះ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ឆែកឆេររកឃើញមានកាំបិតប៉័ងតោ ០១ដើម និងបានត្រួតពិនិត្យទូរស័ព្ទដៃរបស់ពួកគេ រកឃើញមានសារមួយដែលពួកគេបានណាត់ជួបគ្នា ដើម្បីវាយគ្នាទៀតផង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានក្រុមក្មេងទំនើងនោះតែម្ដង។

ដោយឡែកករណីទី២ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចឃុំខ្លួន ក្មេងទំនើង៦នាក់ ដែលពួកគេបានវាយតប់គ្នា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ចំពោះករណីហិង្សានេះបង្កឡើងដោយក្មេងទំនើងចំនួន០២ ក្រុម គឺក្រុមក្មេងទំនើងទី១ មានគ្នា០៤នាក់ និងក្រុមក្មេងទំនើងទី២ មានគ្នា០២នាក់ បានវាយគ្នាទៅវិញទៅមកដោយប្រើដៃ ក្រោយពីមានជម្លោះពាក្យសំដីនឹងគ្នា បណ្តាលឱ្យរងរបួសទាំងសងខាង៕

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ សាលាដំបូងខេត្តព្រះសីហនុ៖