(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ឯក ប៉ែន ប៉ុនណារី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី បានចុះទៅផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្មជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ពិធីនេះក៏មានការចូលរួមពីលោក គង់ វិមាន អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការជុំវិញខេត្តជាង២០០នាក់។លោក គង់ វិមាន បានថ្លែងថា «កម្មវិធីនេះពិតជាមានសារសំខាន់ណាស់ ដើម្បីបង្កើនសន្តិសុខ សុវត្ថិភាព សម្រាប់ការរស់នៅជូនប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ នៃការរីកចំរើនរបស់វិទ្យាសាស្ត្រ និយាយបែបនេះ មិនមែនមានន័យថា ការីកចំរើនរបស់វិទ្យាសាស្ត្រធ្វើឲ្យមនុស្សសុទ្ធតែមានគ្រោះថ្នាក់នោះទេ បើការស្រាវជ្រាវនោះ ក្នុងគោលដៅល្អត្រឹមត្រូវ និងយកមកសំរួលក្នុងកិច្ចការលំបាកៗ របស់មនុស្សនោះ»។ លោកថា ដោយបានមើលឃើញពីភាពគ្រោះថ្នាក់នេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យ ស្តីពីសារធាតុគីមី ដែលទាក់ទងនឹងការផលិត អាវុធគីមី អាវុធនុយក្លែអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ដើម្បីបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងសារធាតុគីមី ផលិតផលគីមីនៅក្នុងប្រទេសកម្ពុជា។
បើទោះបីកម្ពុជាមិនទាន់រងគ្រោះដោយអាវុធប្រល័យនេះក្តី តែក៏ត្រូវផ្តោតលើការុកយកចិត្តទុកដាក់ ដើម្បីធ្វើការទប់ស្កាត់កុំឲ្យជះឥទ្ធិពលដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិនៅកម្ពុជា។ ដូចដែលយើងធ្លាប់បានឃើញតាមបណ្តាសារព័ត៌មាន ទូរទស្សន៍ហើយនូវបណ្តាប្រទេសមួយចំនួនដែលមានការប្រើប្រាស់នូវអាវុធគីមីសេរីដូចជានៅស៊ីរី ជាដើម តើវាបណ្តាលឲប៉ះពាល់ដល់សុខភាពប្រជាជនបែបណា។
ការផ្ទុះឡើងនូវការរាតត្បាត និងជំងឺមហាប្រល័យមួយចំនួន ដូចជា Ebola នៅឧបទ្វីបអាហ្វ្រិក ក៏វាបណ្តាលមកពីសារធាតុគីមីនេះផងដែរ ដូច្នេះយើងទាំងអស់គ្នាចូលរួមទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ដើម្បីសុខភាព និងអាយុជីវិត ដោយពិនិត្យទៅលើចំណីម្ហូបអាហារដែលខ្វៈអនាម័យ និងមានសារធាតុគីមី។ លោកបណ្ឌិត ប៉ែន ប៉ុនណារី បានបញ្ជាក់ថា ពិធីផព្វផ្សាយច្បាប់ស្តីពី ការហាមឃាត់អាវុធគីមីនុយក្លែអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នាថ្ងៃនេះគឺជាបទពិសោធន៍ និងទ្រឹស្តីដ៏ល្អៗ ដល់មន្ត្រីរាជការនាយទាហានគ្រប់ជាន់ថ្នាក់ទំាងអស់ ដើម្បីយកចំនេះដឹង និងបទពិសោធន៍ទាំងអស់នេះទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់សំដៅធានា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការពារបរិស្ថាន សុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែក ការពារសន្តិសុខ សន្តិភាពក្នុងតំបន់ និងពិភពលោក៕