(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ ដើម្បីចូលរួមកម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងយុត្តិធម៌ និងមានកិច្ចសហការពីក្រុមកីឡាសេនាយុត្តិធម៌ ក្នុងគោលបំណងដើម្បីចូលរួមចំណែកនៅក្នុងការលើកកម្ពស់សកម្មភាពសង្គម មនុស្សធម៌ បរិស្ថាន ជាពិសេសវិស័យទេសចរណ៍នៅក្នុងទឹកដីប្រវត្តិសាស្ត្រអង្គរ នៃខេត្តសៀមរាប។ កម្មវិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ រួមជាមួយចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី និងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ជាច្រើនសរុបប្រមាណ៨០០នាក់។

កម្មវិធីជិះកង់នេះប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៦៖០០នាទីព្រឹក ដោយជួបជុំនៅកន្លែងត្រួតពិនិត្យសំបុត្រទី១របស់អាជ្ញាធរជាតិអប្សរា។ លុះដល់ថ្ងៃទី២ ខែមិថុនា ក្រុមការងារនឹងនាំយកថវិកាដែលរៃអង្គាសបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទី៣ ដោយជួបជុំនៅមុខមន្ទីរពេទ្យនេះតែម្ដង។

ចំពោះអ្នកដែលមានបំណងចូលរួមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 069​ 916​ 628 ឬ 086 587 989៕