(ភ្នំពេញ)៖ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យសកម្មភាពសង់លំនៅឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបាននាំយកថវិកា អភិបាលក្រុង ជូនដល់ពួកគាត់ទាំង ១៣គ្រូសារ ដែលបានចាប់ឆ្នោត ទទួលយកទៅតាមការស្ម័គ្រចិត្ត រៀងៗខ្លួនរួចមក បន្ទាប់ពីពួកគាត់រស់នៅលើប្រឡាយទឹកស្អុយ គ្មានអនាម័យបរិស្ថានល្អ អស់រយៈពេលច្រើនឆ្នាំនោញ។
លោកអភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យការសង់លំនៅឋានថ្មី និងនាំយកថវិកាអភិបាលក្រុងនៅនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅដីឡូតិ៍ នៅចំការល្មុត ស្ថិតក្នុងភូមិតាងៅក្រោម សង្កាត់និរោធ។ លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ថវិការបស់លោកអភិបាលក្រុងភ្នំពេញ ដែលផ្តល់ជូននេះដោយក្នុង១គ្រួសារទទួលបាន២លានរៀល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌក្រោមអធិបតីភាពលោក អ៊ាង ស៊ីផាន និងមន្ត្រីពាក់ព័ន្ធ បានរៀបចំពិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍ នៅចំការល្មុត ស្ថិតក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ជូនប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលប៉ះពាល់ផ្ទះទាំងស្រុង ក្នុងគម្រោងស្ថាបនាប្រព័ន្ធលូ និងផ្លូវព្រែកបារាំង។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ឋលូ និងផ្លូវព្រែកបារាំងដំណាក់កាលទី២នេះ មានប្រជាពលរដ្ឋ ចំនួន ១៣គ្រួសារ បានរង ផលប៉ះពាល់ទាំងស្រុង។ លោក អ៊ាង ស៊ីផាន បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ គោលនយោបាយជូនប្រជាពលរដ្ឋ ដែលរស់នៅលើប្រឡាយព្រែកបារាំង ស្ថិតក្នុងសង្កាត់និរោធ ដើម្បីពួកគាត់មានលំនៅឋានរស់នៅសមរម្យនោះ ។
ក្នុងឱកាសនោះដែរ បងប្អូន ប្រជាជនបាន សម្តែងនូវក្តីរំភើបរីករាយ ចំពោះលោក អភិបាលខណ្ឌ ដែលបានយកចិត្តទុកដាក់ គិតគូរសុខទុក្ខរបស់ពួកគាត់ ដោយមិនយក ពួកទៅទុកចោលនោះឡើយ និងបានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់លោក ប៉ា សុជាតិវង្ស ដែលបានគិតគូរសុខទុក្ខពួកគាត់ ដោយមិនទុកអោយពួកគាត់រស់នៅកណ្តាលថ្ងៃ ក្រោមភ្លៀងដូចមុនទៀតនោះទេ៕