(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី៣៥នៃអាណត្តិទី៣របស់ខ្លួន ក្រោមអធិបតីភាពលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

កិច្ចប្រជុំនេះគឺដើម្បីពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៣៤ អាណត្តិទី៣ ព្រមទាំងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ហាផ្សេងៗ។

លោក សម្បត្តិ ហ៊ូណា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ពាក់ព័ន្ធនឹងការងារប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយក្នុងខែឧសភានេះមានមន្ត្រីចំនួន២៧៨នាក់បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រី ACU ទើបទទួលបានការតែងតាំងថ្មីចំនួន១៣១នាក់ និងមន្ត្រី១៤៧នាក់ទៀតបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។

ពាក់ព័ន្ធនឹងការងារពាក្យប្ដឹង ACU បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះសរុបចំនួន៣៩ពាក្យប្ដឹង។ ACU ក៏បានកសាងសំណុំរឿងចំនួន៣ករណី ដែលមានជនសង្ស័យចំនួន៥នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ជាប់សង្ស័យពីបទល្មើសរំលោភអំណាចពាក់ព័ន្ធការជ្រើសរើសមន្ត្រីកិច្ចសន្យានិងក្របខណ្ឌ ការប្រឡងចូលក្របខណ្ឌ និងការគ្រប់គ្រងឯកសារ។

ចំពោះការងារអប់រំ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ACU បានចុះផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាកុលាបទី១ ដែលមានអ្នកចូលរួមសរុបចំនួន១២០នាក់ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីច្បាប់ប្រឆាំងអំពើពុករលួយផង ពង្រឹងវិន័យនិងសាមគ្គីភាពផ្ទៃក្នុងផង។

ចំពោះការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ ACU បានចូលរួមសង្កេតការណ៍ការប្រឡងចំនួន៣លើក។ ACU ក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈចំនួន១៤៥គម្រោង របស់អង្គភាពលទ្ធកម្មចំនួន៤៩អង្គភាព និងបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត
តាមសំណើរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

ចំពោះការងារបណ្តុះបណ្តាល ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទាន និងការរីកសាយអាវុធមហាប្រល័យ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចំនួន៣រូបបានចូលរួមវគ្គបណ្តុះបណ្តាលជាស៊េរីលើកទី២ ស្ដីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិនៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គម្រោង EUP2P)តាមរយៈប្រព័ន្ធ Zoom កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំនិងមន្រ្តី ACU សរុបចំនួន១៥០រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីពិធីការ និងបដិសណ្ឋារកិច្ច ដែលបានប្រព្រឹត្តឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៤។

ចំពោះការងារតំបន់ និងអន្តរជាតិ គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយចំនួន៤រូបបានចូលរួមសន្និសីទលើកទី៨ លើប្រធានបទ «គូសមាគ៌ាថ្មីក្នុងការប្រឆាំងអំពើពុករលួយ» និងវគ្គបណ្តុះបណ្តាលជំនាញ «ការងារអនុវត្តច្បាប់ និងការបង្ការទប់ស្កាត់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ» កាលពីថ្ងៃទី២២-២៥ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់រដ្ឋបាលស្វយយ័តហុងកុង សាធារណរដ្ឋប្រជាមានិតចិន។

អង្គភាពប្រឆាំងអំពើពុករលួយបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូបក្សកុម្មុយនិស្តចិន និងខេត្តក្វាងទុង ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា និងផ្តល់អនុសាសន៍ល្អៗជាច្រើន លើការបាយការណ៍របស់លោកអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អំពីការងារពាក្យប្ដឹង ការងារប្រកាសទ្រព្យសម្បត្តិនិងបំណុល និងកិច្ចការផ្សេងៗទៀតដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ៕