(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានប្រសិទ្ធនាមថា ជា«មាតាមនុស្សរបស់កម្ពុជា» នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួនសរុបប្រមាណ ២,៣៥៥នាក់ ដែលប្រកបការងារនៅរាជធានីក្នុងភ្នំពេញ។

ពិធីសំណេះសំណាលប្រកបដោយក្តីអាណិតស្រលាញ់ ជាមួយស្នាមញញឹមដ៏កក់ក្តៅ និងការនឹករលឹកខាងលើនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដែលមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា, អ្នកនាង កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំទីក្រុងបាងកក និងវត្តមានរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសប្បុរសជនរបស់កាកបាទក្រហមកម្ពុជា, ថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមជាច្រើនរូបផងដែរ។

សកម្មភាពមនុស្សធម៌ និងការយកចិត្តទុក្ខដាក់ដល់ប្រជាជនកម្ពុជាខាងលើនេះ ពិសេសពលរដ្ឋគ្រប់រូបដោយមិនរើសអើងឲ្យតែជួបទុក្ខលំបាកភាពខ្វះខាត ងាយរងគ្រោះ និងរងគ្រោះបំផុត មាតាមនុស្សប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តដ៏បរិសុទ្ធ មហាសប្បុរស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺតែងតែផ្តល់ការជួយសង្គ្រោះ និងសម្រាលការលំបាកវេទនាទាំងនោះជូនដល់ប្រជាជនជានិច្ច។

ជាក់ស្តែងដូចព្រឹកនេះដូច្នេះដែរ កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួន ២,៣៥៥នាក់ នៅរាជធានីភ្នំពេញ គឺសុទ្ធសឹងតែជាពលរដ្ឋដែលមានជីវភាពក្រខ្សត់ខ្វះខាត ខ្លះមានជម្រករស់នៅខ្លួនឯង ខ្លះរស់ក្រោមដំបូលផ្ទះគេ ឬជួលផ្ទះគេជាដើម ដើម្បីជ្រកក្តៅ ជ្រកភ្លៀង ទោះជាទទួលបានការសម្រាលការលំបាកមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជាក្តី ក៏វត្តមានកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅតែបន្តជួយសម្រាលការលំបាកមួយផ្នែកទៀត ក្នុងនាមជាជំនួយការឲ្យអាជ្ញាធរមូលដ្ឋាន លើការងារមនុស្សធម៌។ ដោយក្នុងថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់នូវអំណោយមនុស្សធម៌ ជូនដល់ លោកអ៊ុំ ពូ មីង ក្មួយៗ និងចៅៗ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង,ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា១ដប, ឃីត១ (មុង១, ភួយ១, សារុង១ ក្រមា១), ទឹកសុទ្ធចំណុះ ១.៥លីត្រ ១ដប ភេសជ្ជៈប៉ូការីស្វេត ១យួរ និងថវិកា៥០,០០០រៀល។

ក្នុងឱកាសសំណេះសំណាលខាងលើនេះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ក៏បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ និងព្រះរាជហឬទ័យ នឹករលឹក ពីព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបងប្អូនកូនក្មួយជាកម្មករ-កម្មការិនីអនាម័យ និងបរិស្ថានទាំងអស់ដែលបានចូលរួមក្នុងអង្គវិធី ក៏ដូចជាកូនចៅទូទាំងប្រទេសផងដែរ។

ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងកោតសរសើរចំពោះការលះបង់របស់កម្មករ-កម្មការិនីអនាម័យ និងបរិស្ថានទូទាំងកម្ពុជា ដែលកន្លងមក និងបច្ចុប្បន្ននេះ តែងតែខិតខំបំពេញការងារបានយ៉ាងល្អទាំងបោសសម្អាត រើស និងប្រមូលសំរាម ដែលធ្វើឱ្យបរិស្ថាននៃប្រទេសកាន់តែមានសោភ័ណភាពស្រស់ស្អាត ពិសេសគឺនៅរាជធានីភ្នំពេញដែលឈានទៅដល់ការជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងស្អាតប្រចាំឆ្នាំ២០២៤នេះ ក្នុងចំណោមរាជធានី-ខេត្ដទាំង២៥។

ដូច្នេះដើម្បីឱ្យទីក្រុងភ្នំពេញពោរពេញទៅដោយបរិយាកាសល្អ មិនមានសំរាមពាសវាលពាសកាល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន «បានអំពាវនាវដល់ជំរុញទឹកចិត្ដដល់ កម្មករ-កម្មការិនីអនាម័យ និងបរិស្ថានទាំងអស់ បន្ដខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីទទួលបានជ័យជម្នៈជាទីក្រុងស្អាតដូចឆ្នាំនេះទៀត ។ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ មន្ដ្រីពាក់ព័ន្ធ ក្នុងនោះគឺប្រជាពលរដ្ឋយើងតែម្ដង ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមចំណែកឱ្យទីក្រុងយើងស្អាត ប្រទេសជាតិស្រស់បំព្រង ដោយគ្មានគំនរសំរាមជុំវិញផ្ទះ និងបរិស្ថានខ្លួនរស់នៅ ដោយត្រូវទុកដាក់សំរាមឱ្យត្រឹមត្រូវ ។ការចូលរួមចំណែកខាងលើនេះ គឺនឹងចូលរួមចំណែកក្នុងការថែរក្សាភាពស្រស់ស្អាតនៃប្រទេសជាតិផង និងសុខុមាលភាពរបស់យើង គ្រួសារយើង សហគមន៍របស់យើងទាំងមូលផងដែរ» ។

ជុំវិញនឹងសុខុមាលភាពខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានណែនាំឱ្យកម្មករ-កម្មការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ព្រោះថាការងាររបស់កម្មករ-កម្មការិនី អាចប្រឈមនឹងបញ្ហាសុខភាពបើមានការទ្វេសប្រហែស នឹងបានស្នើសុំដល់កម្មករ-កម្មការិនីអនាម័យ និងបរិស្ថានទាំងអស់ ពេលបំពេញការងារត្រូវពាក់ម៉ាស ពាក់ស្រោមដៃ ស្រោមជើងឱ្យបានត្រឹមត្រូវ ដើម្បីការពារហានិភ័យនៃគ្រោះថ្នាក់ផ្នែកសុខភាព ដោយសារកាកសំណល់សំរាមទាំងនោះ។

ពាក់ព័ន្ធនឹងបញ្ហាសុខភាពនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវក្រសួងសុខាភិបាល ក៏ដូចជាបណ្តាមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ត្រូវផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈគ្រូពេទ្យ ត្រូវមានតែសមត្ថភាព និងប្រសិទ្ធភាពក្នុងការព្យាបាលសង្គ្រោះជីវិតពលរដ្ឋគ្រប់រូបឱ្យមានភាពស្មើគ្នា ដោយការយកចិត្ដទុកដាក់ដូចគ្រួសារតែមួយ ពេលដែលពួកគាត់ត្រូវការជួយការមើលថែពីក្រុមគ្រូពេទ្យពេលមានគ្រោះអាសន្នផ្នែកសុខភាព ពិសេសចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ណ ប.ស.ស។

លើសពីនោះដើម្បីឱ្យកម្មករ-កម្មការិនី អាចឆ្លៀតពេលទៅមើលថែសុខភាពរបស់ខ្លួនមិនថាពេលឈឺ ឬទៅពិនិត្យសុខភាពទូទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានស្នើដល់ប្រធានក្រុមហ៊ុនផ្នែកសំរាមទាំង៣ខាងលើនេះ សុំកុំកាត់ប្រាក់បៀវត្សរបស់បងប្អូនប្រសិនបើបងប្អូនសុំច្បាប់ឈប់សំរាក ក្នុងករណីចាំបាច់សម្រាប់ខ្លួន ឬសមាជិកគ្រួសារមានជំងឺ និងសូមឱ្យបង្កើនការឈប់សម្រាក របស់បងប្អូន ពីក្នុង១ថ្ងៃកន្លះ ទៅ៣ថ្ងៃ ក្នុង១ខែវិញ។ ចំពោះសំណើរនេះផងដែរ ប្រធានក្រុមហ៊ុនស៊ីនទ្រី ដែលនៅក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ បានសម្រចគាំទ្រភ្លាមៗ ដោយជូនតាមសំណើរ របស់សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ខណៈនោះកម្មករ-កម្មការិនី បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំងផងដែរ។

ព្រមជាមួយគ្នានេះ ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា និងឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់បងប្អូនស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ ដើម្បីតាមដានសុខភាព កូនក្នុងផ្ទៃ ជាពិសេសអ្នកដែលមានផ្ទុកមេរោគអេដស៍ ត្រូវទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យ ដើម្បីបានប្រើប្រាស់ឱសថការពារការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន ដើម្បីពួកគេចាប់កំណើតមកមានសុខភាពល្អ និងជៀសផុតពីជំងឺកាចសាហាវនេះ។

ទាក់ទងទៅនឹងបុត្រធីតាខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏អំពាវនាវលើកទឹកចិត្ដដល់អាណាព្យាបាលទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់មើលថែរក្សាកូនៗរបស់ខ្លួន មិនថាសុខភាពក្នុងការរស់នៅ គឺត្រូវប្រៀនប្រដៅកូនៗកុំឱ្យដើរទៅលើផ្លូវខុស ហើយបើជ្រុលតែដើរលើផ្លូវខុសហើយ សូមទាញកូនមកវិញ ពិសេសករណីគ្រឿងញៀន បើចាំបាច់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីយកទៅអប់រំកែខ្លួនឡើងវិញ កុំចាំដល់ពេលស្ដាយក្រោយមិនអាចត្រឡប់វិញដោយសារទង្វើប្រព្រឹត្ដខុសរបស់កូនៗរបស់ខ្លួន។

ព្រមជាមួយគ្នានេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន បន្ដយកចិត្ដទុកដាក់ខ្ពស់លើកករណីក្មេងទំនើង ដែលកាន់កាំបិត ដាវសាំរ៉ៃ កាប់ចាក់គ្នាតាមដងផ្លូវ ពិសេសត្រួតពិនិត្យមើលកន្លែងផលិតដាវសាំរ៉ៃឱ្យបានត្រឹមត្រូវ សូមកុំធ្វេសប្រហេសលើកករណីទាំងនេះឱ្យសោះ ត្រូវតែយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសឱ្យបានតឹងរឹងបំផុត ដោយមិនត្រូវលើកលែងចំពោះជនល្មើសដែលបង្ករអស្ថិរភាពក្នុងសង្គម។ ជាងនេះទៅទៀតសូមអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យមើលឱ្យមែនទែន ទៅលើករណីអយុត្ដិធម៌ណាមួយ សូមកុំឱ្យកើតមានលើសង្គមកម្ពុជា «មានលុយឈ្នះទាំងខ្លួនសាងកំហុស ចំណែកអ្នកអត់លុយ ឬក្រខ្សត់ រងគ្រោះហើយត្រូវជាប់ទោសទណ្ឌទៀត ដូចករណីនៅខេត្ដសៀមរាបកន្លងទៅ លើករណីរំលោភបំពានផ្លូវភេទ។ តែពេលនេះគ្រួសារជនរងគ្រោះនេះ បានទទួលយុត្ដិធម៌វិញហើយ បន្ទាប់ពីមានទទួលបានការជួយអន្ដរាគម ពីរាជរដ្ឋាភិបាលកម្ពុជាយើង។

មុននឹងបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានគោរពថ្លែងអំណរព្រះរាជគុណ និងសូមអរគុណ ថ្វាយព្រះករុណាព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតជាតិខ្មែរ និងសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យ និងបរិច្ចាគធនធានថវិកា ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា៨ឧសភា ជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់ទិសទី ក្នុងឱកាសទិវា៨ឧសភា សរុបជាង១១លានដុល្លាអាមេរិក។ សម្តេចប្រធានបានបញ្ជាក់ថា បើគ្មានការចូលរួមរបស់សប្បុរសជននេះទេ បេសកកម្មមនុស្សធម៌ជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចមានដំណើរការបានយ៉ាងជោគជ័យដូចថ្ងៃនេះដែរ។

សូមបញ្ជាក់ដែរថា កម្មករ កម្មការិនីទាំង២,៣៥៥នាក់នេះ គឺមកពីមន្ទីរសាធារណការរាជធានីភ្នំពេញចំនួន ៤៤៨នាក់, ក្រុមហ៊ុន ៨០០ស៊ូភើចំនួន ៦៨១នាក់, ក្រុមហ៊ុន មីសូដា ៦៧៩នាក់ និងក្រុមហ៊ុនស៊ីនទ្រី ៥៤៧នាក់៕