(ភ្នំពេញ)៖ ស្មារតីមនុស្សធម៌គាំទ្រមន្ទីរពេទ្យគន្ធបុប្ផាបានពុះកញ្ជ្រោលយ៉ាងខ្លាំង យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មិនទាន់ចាប់ផ្តើមផ្លូវការផង មានអ្នកចូលរួមជិត៤ម៉ឺននាក់ បរិច្ចាគថវិកាសរុបជាង១ពាន់លានរៀល។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល ១ខែ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ តែយុទ្ធនាការនេះមិនទាន់ចាប់ផ្ដើមជាផ្លូវការនៅឡើយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ៣៨,១៧០ នាក់ រួចទៅហើយ សរុបជាទឹកប្រាក់ ៦៥៧,៧៧៧,០៣៤ រៀល និង ៩៦,២១២ ដុល្លារអាម៉េរិករួចទៅហើយ។

លោកជំទាវបណ្ឌិត ចាត់ទុកការចូលរួមនេះសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។

លោកជំទាវបណ្ឌិត សូមគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

ទោះបីយ៉ាងណាលោកជំទាវបណ្ឌិតសូមអំពាវនាវដល់សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាកក្នុងយុទ្ធនាការនេះ មេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕