(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា យ៉ាងច្រើនលើសលប់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិតបញ្ជាក់ថា បើទោះបីយុទ្ធការនេះមិនទាន់ចាប់ផ្តើមជាផ្លូវការ ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ក្តី ក៏មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន​ ៣៨ ១៧០​ នាក់​ សរុបជាទឹកប្រាក់​៦៥៧ ៧៧៧ ០៣៤​ រៀល និង​ ៩៦ ២១២​ ដុល្លារអាមេរិក រួចទៅហើយ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតបានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចួលរួមគាំទ្រ និងបរិច្ចាគថវិកា ក្នុងយុទ្ធនាការនេះរហូតដល់ថ្ងៃបិទបញ្ចប់។

លោកជំទាវបានបង្ហោះសារទាំងស្រុងក្នុង Facebook ផ្លូការយ៉ាងដូច្នេះថា៖

ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នាងខ្ញុំសូមគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនាថ្ងៃម្សិលមិញនេះ។

នាងខ្ញុំសូមបញ្ជាក់ជូនបន្ថែមថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយគិតមកដល់ម៉ោង​ ១៧៖០០​នេះ ទោះបីជាយុទ្ធនាការមិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយក៏ដោយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន​ ៣៨ ១៧០​ នាក់​ សរុបជាទឹកប្រាក់​៦៥៧ ៧៧៧ ០៣៤​ រៀល និង​ ៩៦ ២១២​ ដុល្លារអាមេរិក រួចទៅហើយ ដែលនេះបានសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុស ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។

ជាមួយគ្នានេះ នាងខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។ សូម​អរគុណ !