(សៀមរាប)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពការងារស្តារឡើងវិញ លើគម្រោងចំនួនពីរ នៅខេត្តសៀមរាប និងខេត្តព្រះវិហារ។

ការងារស្តារឡើងវិញលើគម្រោងចំនួនពីររួមមាន៖ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៣ ០០០ម៉ែត្រ, ទទឹង ៧ម៉ែត្រ, និងស្ថាបនាលូប្រអប់មុខបួនចំនួន ១កន្លែង ស្ថិតនៅភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ចំណែកមួយគម្រោងទៀត ស្ថិតនៅស្ថិតនៅភូមិសំរោង ទៅភូមិអន្លង់សរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប មានចំនួន ១ខ្សែ ប្រវែង ៦ ៣០០ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ, ស្ថាបនាទំនប់បង្ហូរចំនួន ១កន្លែង ប្រវែង ៥០ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ, និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង។

បើតាមលោកឧត្តមសេនីយ៍ទោ លឹម ចាន់ឬទ្ធី នាយករងនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពាជាតិ បានឱ្យដឹងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ បានអនុវត្តការងារនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ និងជួយសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀនជាដើម ជាពិសេស នារដូវទឹកឡើង ដើម្បីបង្កលក្ខណៈងាយស្រួលលើសេវាកម្មនានាដូចជា អប់រំ សុខភាព អនាម័យ ព័ត៌មានសិក្សាធិការ ជាដើម, ជាក់ស្តែងការងារស្ថាបនាលូទាំងនេះ បានអនុវត្តសម្រេចបានលទ្ធផល ១០០ភាគរយ។

លោក អ៉ិន ចន្ថា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងពីរខ្សែនេះ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ក្នុងនោះផ្លូវនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែ។

លោក អ៉ិន ចន្ថា បានបន្ថែមថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ដោយមានគោលបំណងប្រែក្លាយតំបន់ជនបទនៃកម្ពុជាឲ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើន ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានឆ្នាំ២០២៣ របស់ក្រសួង- អភិវឌ្ឍន៍ជនបទ ក្នុងនោះគិតត្រឹមឆ្នាំ២០២៣ ក្រសួងបានស្ថាបនាស្តារ និងកែលម្អផ្លូវជនបទសរុបប្រវែងជាង ៥០ពាន់គីឡូម៉ែត្រ និងបានចងក្រងជាបញ្ជីសារពើភ័ណ្ឌ និងប្រព័ន្ធគ្រប់គ្រងផ្លូវជនបទរួចរាល់ក្នុងនោះរួមមាន៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែងជាង ៥ពាន់គីឡូ ម៉ែត្រ, ផ្លូវក្រាលបេតុងប្រវែងជាង ១ពាន់គីឡូម៉ែត្រ, ផ្លូវល្បាយក្រួសប្រវែងជាង ៣១ ពាន់គីឡូម៉ែត្រ, និងផ្លូវដីសប្រវែង ១២ពាន់គីឡូម៉ែត្រ៕