Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសអាសន្ន សម្រាប់អ្នកស្រុកសន្ទុក៖ ភ្លៀងធ្លាក់ជាច្រើនមេ បណ្តាលឲ្យទឹកជំនន់ លិចផ្លូវមួយកន្លែងឆ្លងកាត់មិនកើត, ទឹកស្ទឹងសែនឡើងដល់១២,៦៥ម

14-09-2016 16:25

(កំពង់ធំ)៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំជាច្រើនមេ នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យទឹកជំនន់ជន់លិចផ្លូវលំ១កន្លែង ស្ថិតនៅចំណុចស្ពានអូរធំ ភូមិដងក្តា ឃុំគ្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មិនអាចធ្វើដំណើរតាមម៉ូតូបាននោះទេ ពោលអាចឆ្លងកាត់តាមរថយន្តខ្ពស់ៗប៉ុណ្ណោះ ខណៈដែលទឹកស្ទឹងសែនមានសន្ទុះឡើងយ៉ាងខ្លាំងពីកម្រិត១២ម៉ែត្រ ដល់១២,៦៥ម៉ែត្រនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ប្រជាពលរដ្ឋរស់នៅតំបន់ស្ពានអូរធំ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះថា «បន្ទាប់ពីភ្លៀងធ្លាក់ចំនួនពីរ-បីថ្ងៃផ្ទួនៗគ្នាមកនេះ បានធ្វើឲ្យទឹកជំនន់ជន់លិចស្ពានអូរធំ ហើយគិតរហូតមកដល់ថ្ងៃទី១៤ ខែកញ្ញានេះ មានរយៈពេលបីថ្ងៃ ហើយប្រជាពលរដ្ឋនៅទីនោះមិនអាចធ្វើបានឡើងតាមកង់ និងម៉ូតូ»។ ប្រជាពលរដ្ឋបានបន្តទៀតថា «បើមេឃនៅតែបន្តធ្លាក់ភ្លៀងទៀតនោះ យើងគ្រោងនឹងធ្វើស្ពានសម្រាប់ឆ្លងម៉ូតូ និងរថយន្តតូចៗ»

លោក ហាក់ វុទ្ធី អនុប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ចំនួនបីថ្ងៃជាប់ៗគ្នាមកនេះ ទឹកស្ទឹងសែនមានសន្ទុះស្ទុះឡើងយ៉ាងខ្លាំង ពីកម្រិត១២ម៉ែត្រ ដល់កម្រិត១២,៦៥ម៉ែត្រ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។ លោកបានបន្តថា «បើនៅតែភ្លៀងធ្លាក់ជោគជាំ ដូចប៉ុន្មានថ្ងៃនេះទៀត ទឹកស្ទឹងសែនអាច នឹងឡើងដល់កម្រិត១៣,៥០ម៉ែត្រ ជាកម្រិតត្រូវប្រកាសអាសន្នហើយ ពេលនោះប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ត្រូវបង្កើនការប្រុងប្រយ័ត្ន ត្រៀមបង្ការ សម្ភារធ្វើដំណើរតាមទឹក»