(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដាក់ចេញផែនការផ្សព្វផ្សាយសំខាន់ៗចំនួន ៤ចំណុច ដើម្បីរម្លឹកឲ្យមន្ត្រីយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព តាមរយៈសារអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ជិន ប៊ុនធឿន បានដាក់ចេញផែនការសំខាន់ៗបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ស្ថិតនៅសាលប្រជុំ (B) សាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ នេះដែរក៏មានការអញ្ជើញចូលរួម ពីគណៈអភិបាលខណ្ឌ, តំណាងអធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រី ​ប្រធានការិយាល័យទាំង១១-ចៅសង្កាត់ទាំង៧, អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រីមួយចំនួនទៀត សរុបចំនួន៣៩នាក់។

លោក ជិន ប៊ុនធឿន ក៏បានគូសបញ្ជាក់ថា សម្រាប់ផែនការផ្សព្វផ្សាយទាំង៤ចំណុចសំខាន់ៗ ដើម្បីរម្លឹកឲ្យមន្ត្រីយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព តាមរយៈសារអំពាវនាវ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖

១៖ ចេញបទបញ្ជាដល់អភិបាលរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងចំពោះករណីក្មេងទំនើង (ក្រុមបងធំ បងតូច ជាពិសេសក្រុមដាវសាំម៉ូរ៉ៃ) ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែង។
*២៖ អំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការឲ្យបានម៉ឺងម៉ាត់ ចាត់ការលើសំណុំរឿងក្មេងទំនើង។
*៣៖ អំពាវនាវដល់ឪពុក-ម្ដាយ និងអាណាព្យាបាល ខិតខំតាមដាន អប់រំទូន្មានប្រៀនប្រដៅកូនៗ និងក្មួយៗ។
*៤៖ សូមក្មួយៗដែលជាយុវជន និងសិស្ស ប្រកាន់ខ្ជាប់នូវវិន័យសីលធម៌ ក្នុងនាមជាយុវជនទំពាំងស្នងឫស្សី និងជៀសវាងសកម្មភាពភាពទាំងឡាយ ដែលបង្កអន្តរាយដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕