(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំ និងមន្ត្រីគយនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះធ្វើទស្សនកិច្ចនៅការិយាល័យរបស់ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) ស្ថិតនៅអគារ Exchange Square ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក TAO Guangyao ប្រធានក្រុមហ៊ុន ហួវៃ ថេកណឡជី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) រួមទាំងសហការីផងដែរ។

តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញជូនលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អំពីសមិទ្ធផលសង្ខេបរបស់ខ្លួននៅកម្ពុជាក្នុងរយៈពេល២៥ឆ្នាំកន្លងមក ដែលផ្តោតលើ ១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ២៖ បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) របស់ប្រទេសកម្ពុជា (បានរួមសហការណ៍ជាមួយដៃគូរបស់ខ្លួន ដើម្បីដំឡើងនិងដាក់ពង្រាយបណ្តាញ 2G, 3G, 4G បម្រើដល់ប្រជាជនជាង ៨០%) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីនិងដំណោះស្រាយកម្រិតខ្ពស់ ៣៖ ការធ្វើបរិវត្តកម្មឌីជីថលនិងនវានុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា និង៤៖ ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល និងរាជរដ្ឋាភិបាលឌីជីថល។

ក្នុងឱកាសនោះលោកបណ្ឌិត គុណ ញឹម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) ដែលមកវិនិយោគនៅប្រទេសកម្ពុជា ដោយបានប្រើប្រាស់កម្លាំងពលកម្មកម្ពុជាប្រមាណជាង ២០០នាក់។

លោកបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) ដែលបានផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដល់សិក្ខាកាមកម្ពុជា ប្រមាណ ១.០០០នាក់ជារៀងរាល់ឆ្នាំ និងផ្ដល់អាហាររូបករណ៍ដល់និស្សិតខ្មែរលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ព្រមទាំងបានសហការជាមួយ អគរ ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឱ្យកាន់តែរីកចម្រើនថែមទៀត ហើយក៏បានស្វាគមន៍ចំពោះក្រុមហ៊ុន លើការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និង បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះលោករដ្ឋមន្រ្តីប្រតិភូមនាយករដ្ឋមន្រ្តី ក៏បានផ្តល់ហត្ថលេខាដ៏ខ្ពង់ខ្ពស់លើលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) ក្នុងការផ្តល់កុំព្យូទ័រយួរដៃម៉ាក ហួវៃ ចំនួន ១០គ្រឿងផងដែរ៕