(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៤៤៣គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងនោះមានម៉ូតូ ២៦៨គ្រឿង និងរថយន្ត ១៧៥គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៩,៥១៣គ្រឿង ក្នុងនោះមានម៉ូតូ ៦,៨០៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ២,៧០៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង ញៀន ភ្លើង/ផ្លាកជាដើម។ ដោយឡែករថយន្តរួមមាន៖ ឆៀក ដឹកសំពីងសំពោង ស្រវឹង ល្មើសល្បឿន ដឹកសំពីងសំពោង ស្រវឹង កែច្នៃ អត់បណ្ណបើកបរ និងភ្លើង-ផ្លាកជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១៦លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៩នាក់ របួសចំនួន ១៥នាក់ (របួសធ្ងន់ចំនួន ១០នាក់)។ រយៈពេល ៣០ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៥១លើក បណ្ដាលឱ្យមនុស្សស្លាប់ ១៣៧នាក់ របួស ៣២៧នាក់ (របួសធ្ងន់ ១៧៣នាក់)៕