(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចដឹកនាំ ដោយ លោក ម៉ូ ខេវិន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាស់ ខេត្តកេប៊ិច ប្រទេសកាណាដា ក្នុងឱកាសបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង មានមតិសំណេះសំណាល និង ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការបំពេញបេសកកម្មធុរកិច្ច មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយគណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុង
ម៉ុងរ៉េអាល់ និងបានគូបញ្ជាក់អំពីកាតព្វកិច្ចកូនខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលត្រូវចូលរួមកសាងសេដ្ឋកិច្ចជាតិ ជាពិសេស តាមរយៈការជំរុញពាណិជ្ជកម្មនិងវិនិយោគ។

អ្នកឧកញ៉ាប្រធាន បានរំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិល ការបែកបាក់ផ្ទៃក្នុង ការផ្សះផ្សារជាតិ និង នយោបាយឈ្នះឈ្នះ ដែលនាំទៅដល់សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីការរួមចំណែករបស់ប្រទេសកាណាដាក្នុងដំណើរសន្តិភាពនៅកម្ពុជា រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ និងការជួយគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ កាណាដា គឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ធំបំផុតមួយរបស់កម្ពុជា ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៣ មានប្រមាណ ជាង ១.៥ ពាន់លានដុល្លារ។

អ្នកឧកញ៉ាប្រធាន ជំរុញលើកទឹកចិត្ត ធុរជនកាណាដា ចាប់យកឱកាសវិនិយោគនៅកម្ពុជា ដែលមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក រួមមាន កាណាដា អាស៊ាន អាសិប ចិន ជប៉ុន កូរ៉េ អេមីរ៉ាត់អារ៉ាប់រួម និងទីផ្សារផ្សេងៗទៀត។

លោក ម៉ូ ខេវិន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចកាណាដានាពេលនេះ។

លោក និងគណៈប្រតិភូទាំងអស់ មានសេចក្តីសោមនស្សរីករាយ និង ទទួលយកមតិណែនាំរបស់ អ្នកឧកញ៉ាប្រធាន និងគូសបញ្ជាក់ថា នេះគឺជាពេលដែលកូនខ្មែរត្រូវរួបរួមគ្នា កសាងសេដ្ឋកិច្ច និងប្រទេសជាតិ ក៏ដូចជាបង្ហាញសក្តានុពលកម្ពុជាទៅកាន់ពិភពលោក។

លោកប្រធាន បានលើកឡើងថា គ្រប់ពេលដែលលោកត្រឡប់មកកម្ពុជា លោកតែងសង្កេតឃើញការប្រែប្រួលខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ហើយបេសកកម្មធុរកិច្ចនាពេលនេះ គឺជាលើកទីមួយ បន្ទាប់ពីការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងរ៉េអាល់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣។ គណៈប្រតិភូដែលអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ច គឺរួមមានវិស័យ៖ កសិកម្ម សំណង់ វេជ្ជសាស្ត្រ ម្ហូបអាហារ ទេសចរណ៍ សណ្ឋាគារ អចលទ្រព្យ សំណង់ និង ពាណិជ្ជកម្ម។

ជំនួបពិភាក្សាបានបញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយបានជជែក និងផ្លាស់ប្តូរបទពិសោធន៍ អំពីគោលនយោបាយលើកទឹកចិត្តវិនិយោគ បរិយាកាសធុរកិច្ច និងកាលានុវត្តភាពទៅវិស័យនីមួយៗ៕