(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ធីប័រ បល់ឡក (Tibor BALOGHD) ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឱកាសដែលលោកបំពេញទស្សនកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ លោកឯកអគ្គរដ្ឋទូត នៅកម្ពុជានាពេលនេះ និង បានលើកឡើងអំពីទំនាក់ទំនងយូរអង្វែងរបស់ប្រទេសទាំងពី រដែលមានចំណងកាទូតចាប់តាំងពីឆ្នាំ ១៩៥៦ មកម៉្លេះ ហើយប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក។ សម្តេចតេជោ
ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ និងចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកនៅទីក្រុងប៊ូដាប៉េស។ ក្នុងឱកាសនោះផងដែរ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយ សភាពាណិជ្ជកម្មនិងឧស្សាហម្មហុងគ្រី។

អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតសិទ្ធ រវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ ដែលបានសហការរៀបចចំវិទិកាធុរកិច្ចរួមគ្នាជាច្រើនលើក និងផ្លាស់ប្តូរព័ត៌មានជំរុញកាលានុវត្តភាពធុរកិច្ចទៅវិញទៅមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។

អ្នកឧកញ៉ាប្រធាន ស្នើឯកអគ្គរដ្ឋទូត រាយការណ៍ជូនរដ្ឋាភិបាលហុងគ្រី ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រីនៅកម្ពុជា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ហុងគ្រី។

អ្នកឧកញ៉ាប្រធាន ជម្រាបជូនលោកឯកអគ្គរដ្ឋទូត ជំរុញរលើកទឹកចិត្ត ធុរជនហុងគ្រី ពិនិត្យលទ្ធភាពសហការលើវិស័យកសិឧស្សាហកម្ម កម្មន្តសាល កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ឧស្សាហកម្មពាក់ព័ន្ធនិងបរិស្ថាន និង ទឹក។

លោកឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា និងបានបញ្ជាក់ថា ក្រុមហ៊ុនហុងគ្រី មានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា ជាពិសេសលើវិស័យទឹក និងថាមពល។

លោកកោតសរសើរ និង អបអរសាទរចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងសភាពាណិជ្ជកម្មទាំងពីរ ហើយស្ថានទូតនឹងបន្តជួយគាំទ្រ សកម្មភាពធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍រួមគ្នា។ លោកស្វាគមន៍ចំពោះការរៀបចំទស្សនកិច្ច ទៅកាន់ប្រទេសហុងគ្រីនាពេលអនាគត និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងវប្បធម៌បន្ថែមទៀត។

ជំនួបពិភាក្សាបានបញ្ចប់ទៅប្រកបដោយ លទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាសស្និទ្ធស្នាល ជាភាតរៈ៕