(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានបញ្ជូនមក ស្របតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប។

ដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើល និងយកព័ត៌មានពីតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតអ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាច្រើនរូប។

ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត តាមប្រភេទក្រុមប្រឹក្សានីមួយៗ និងមណ្ឌលបោះឆ្នោតដោយឡែកពីគ្នាយ៉ាងល្អិតល្អន់តាមប្រមាណវិធីដោយដៃ និងប្រព័ន្ធកម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។

ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗដែល គធ.ខប ទាំង២៥ រាជធានី ខេត្ត បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ (ទ. ១១១៦តពខ និង ទ. ១១១៦តពស) កំណត់ហេតុត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ (ទ.១១១១ខ និង ទ. ១១១១ស) និងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ (ទ. ១១១៤ខ និង ទ.១១១៤ស) និងតារាងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត (ទ. ១១១០ខ) ឡើយ។  

បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ លទ្ធផលនៃការបោះឆ្នោតនឹងត្រូវដាក់ជូនថ្នាក់ដឹកនាំ គ.ជ.ប ដើម្បីពិនិត្យ សម្រេច និងប្រកាសផ្សព្វផ្សាយជាលទ្ធផលផ្លូវការ រួមនឹងការបែងចែកអាសនៈដែលគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនីមួយៗទទួលបាន ការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត បេក្ខជនជាប់ឆ្នោតជាប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤៕