(កំពត)៖ បេសកកម្មផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលនៃការអភិវឌ្ឍក្រុងបូកគោ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងការផ្សព្វផ្សាយនូវព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍ ក៏ដូចជាទីតាំងទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្ត សាសនា និងជំនឿដែលមាននៅទីក្រុងបូកគោនេះ។

ក្រោយការឈ្វេងយល់ដោយផ្ទាល់នៅលើឧទ្យានជាតិព្រះមុន្នីវង្ស (ក្រុងបូកគោ) បាននាំឲ្យយើងដឹងពីតម្លៃនៃធនធានធម្មជាតិកាន់តែខ្លាំង ព្រោះថាបរិយាកាសដ៏ល្អឥតខ្ចោះដែលផ្ដល់ពីធម្មជាតិនូវរដូវ៣ក្នុងមួយថ្ងៃនៅលើកំពូលភ្នំបូកគោ ក្តៅ ត្រជាក់ ធ្លាក់ភ្លៀង និងអ័ព្ទដែលបានជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រោះថាសូម្បីបន្ទប់សណ្ឋាគារនៅទីនេះក៏មិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់ដែរ។

បន្ថែមពីនេះបន្លែ ផ្លែឈើដែលប្រើប្រាស់នៅទីនេះសុទ្ធសឹងតែទទួលបានពីការដាំដុះដោយធម្មជាតិ គ្មានសារធាតុគីមី។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនកំពុងតែស្ថាបនា និងសាងសង់ រួមមានលំនៅដ្ឋាន ផ្លូវ ទំនប់ទឹក និងគម្រោងសាងសង់ព្រះពុទ្ធបដិមារដែលខ្ពស់ជាងគេនៅអាស៊ីដែលអាចនាំឲ្យទីក្រុងបូកគោ ជាទីតាំងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិអាចមករស់នៅ ឬមកកំសាន្តបានដោយផាសុខភាព។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា លោករំពឹងថាតាមរយៈនៃការផ្សព្វផ្សាយអំពីសក្ដានុពលឧទ្យានជាតិព្រះមុន្នីវង្ស (ក្រុងបូកគោ) ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិកាន់តែច្រើននឹងមកទស្សនាកំសាន្តនៅទីនេះ។

នេះជាបេសកកម្មទី៤ហើយ របស់ក្លិបអ្នកកាសែតកម្ពុជា ដែលបានដឹកនាំស្ថាប័នសារព័ត៌មានក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជា។ កន្លងមក ក្លិបនេះបានដឹកនាំទៅកាន់ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តសៀមរាប។ សម្រាប់គម្រោងបន្ទាប់ ប្រធានក្លិបអ្នកកាសែតកម្ពុជាបានបង្ហើបឲ្យដឹងថា នឹងទៅកាន់ខេត្តពោធិ៍សាត់ ដោយរំពឹងថា នឹងមានការចូលរួមគាំទ្រពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងបេសកកម្មនេះ។

បេសកកម្មរយៈពេល៣ថ្ងៃទៅកាន់ក្រុងបូកគោ បានចាប់ផ្តើមពីថ្ងៃទី២៨ ដល់ទី៣០ ខែឧសភាដោយមានការចូលរួមពីអ្នកសារព័ត៌មានជិត៦០នាក់ មកពី៣០ស្ថាប័ន ត្រូវបានឧបត្ថម្ភនិងគាំទ្រដោយក្រុមហ៊ុន សុខា អូតែល៕