(ភ្នំពេញ)៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច នឹងអាចដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង។

នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកដឹកនាំមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធចុះពិនិត្យទីតាំងគម្រោងផ្លូវ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។

លោក ឃួង ស្រេង បានលើកឡើងថា ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បានប្រមាណ៣០ភាគរយប៉ុណ្ណោះ ដោយវានៅតែបង្កការកកស្ទះចរាចរណ៍ជៀសមិនរួច តែនៅពេលបើកផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះមួយខ្សែទៀត នឹងដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកម្រិតទៀត។

លោកបន្ដថា ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គឺអាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យ និងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា គម្រោងផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ មានផលប៉ះពាក់ដីប្រជាពលរដ្ឋមួយចំនួន តែការងារនេះក្រុមការងារបាននិងកំពុងខិតខំដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះ ទទួលបានជោគជ័យ ដោះស្រាយបាននូវការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ១។

សូមជម្រាបថា គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បានជាង១០ភាគរយហើយ ដោយបច្ចុប្បន្ននេះ សសរគ្រឹះចំនួន២៤ដើម បានចាក់បេតុងរួចរាល់១០០ភាគរយ និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ បាសាក់នេះ មានប្រវែងសរុប ១,៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ ស្ពានចាក់អង្រែ ក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសាងសង់ឡើងដោយចាយថវិកា ប្រមាណ៦០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់៤២ខែ ដោយឥណទានសម្បទានពីប្រទេសចិន៕