(សៀមរាប)៖ លោក សំកុល សុចិត្រា បានថ្លែងអំណរគុណរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលតែងតែគាំទ្រលើកិច្ចអភិឌ្ឍន៍នៅកម្ពុជា សំខាន់ការជួសជុលប្រាង្គប្រាសាទចៅសាយទេវតា, ប្រាសាទតាកែវ, ការស្ថាបនាផ្លូវខេត្ត និងកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

លោកក៏បានសំណូមពរដល់ប្រតិភូជួយធ្វើការផ្សព្វផ្សាយ ពីសក្តានុពលរបស់ខេត្តសៀមរាប ជូនទៅប្រជាជនក្នុងស្រុក Shaoyang ក៏ដូចប្រជាជនចិនទាំងមូល ចូលមកធ្វើទេសចរ និងវិនិយោគ ព្រមទាំងបើកការហោះហើរត្រង់ ពីស្រុក Shaoyang មកកាន់ខេត្តសៀមរាបផងដែរ។

លោក សំកុល សុចិត្រា ថ្លែងយ៉ាងដូច្នេះក្នុងជំនួបសម្តែងការគួសម និងពិភាក្សារវាងគណៈអភិបាលខេត្តជាមួយប្រតិភូរដ្ឋបាលប្រជាជនស្រុក Shaoyang នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Gong Hongguo សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុម្មយនីស្តចិន និងជាប្រជាននាយកដ្ឋានការងាររណសិរ្សរួបរួមស្រុក Shaoyang និងសហការី នៅសាលប្រជុំសាលាខេត្តសៀមរាប នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។

លោក សំកុល សុចិត្រា បានបន្តថា ស្ថានភាពភូមិសាស្ត្រ ការងាសន្តិសុខ និងសេដ្ឋកិច្ចរបស់ខេត្ត ដោយពឹងផ្អែកទៅលើវិស័យកសិកម្ម និងទេសចរណ៍ ដោយប្រជាពលរដ្ឋចំនួន៨០%ជាប្រជាកសិករ។ លោកក៏បានលើកពីសក្តា នុពលរបស់ខេត្ត ជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ និងរមណីយដ្ឋានធម្មជាតិ មានប្រាង្គប្រាសាទ ដែលបានចុះបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់មនុស្សជាតិទៀត។

លោក សំកុល សុចិត្រា បានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជាមហាមិត្តដែកថែបរបស់កម្ពុជា ដែលមានប្រវត្តិសាស្ត្រជាយូរលង់មកហើយ នាសម័យអង្គរ តាមរយៈការទូត ជី តាខ្វាន់។ ហើយខេត្តសៀមរាប ជាខេត្តមួយដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិនច្រើនជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ទោះបីខេត្តមានសម្ព័ន្ធមេត្រីភាពច្រើនយ៉ាងណាក៏ដោយ តែតម្រូវការចាំបាច់របស់ខេត្ត នូវតែស្វែងរកនូវដៃគូចូលមកវិនិយោគក្នុងខេត្តជាបន្ត លើវិស័យកសិកម្ម និងទេសចរណ៍ ដើមី្បបំពេញនូវតម្រូវការរបស់ភ្ញៀវទេសចរផង​ដែរ។ 

លោកសង្ឃឹមថា ទៅអនាគតយើងមានធនធានមនុស្ស រួមទាំងវប្បធម៌ ក្នុងការរួមគ្នាថែរក្សា ព្រមទាំងធ្វើកិច្ចសហការជាមួយគ្នារវាងខេត្ត និងស្រុក Shaoyang ទាំងពីរផងដែរ។ ម៉្យាងទៀត រាល់ចំណុចសំខាន់ៗដែលគណៈប្រតិភូផ្តល់ជូនជាប្រទីបឆ្លុះបញ្ចាំង ធ្វើឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំតទៅអនាគត។

លោក Gong Hongguo បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចនៅខេត្តសៀមរាប គឺដើមី្បត្រួតពិនិត្យ ស្វែងយល់ និងរកឱកាសឲ្យស្រុក Shaoyang បានចូលរួមក្នុងកម្មវិធីខ្សែក្រវ៉ាតមួយផ្លូវមួយ ឲ្យកាន់តែសកម្ម ក្នុងការផ្សាភ្ជាប់ចំណងមិត្តភាពនៃប្រទេសទាំងពីរ និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា សំខាន់គឺខេត្តសៀមរាប  ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា។

លោក Gong Hongguo បានបន្តថា ជីវប្រវត្តិភូមិសាស្ត្ររបស់ស្រុក Shaoyang ដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ និងកសិកម្ម ដូចនឹងខេត្តសៀមរាប ដោយមានភ្នំមួយត្រូវបានចុះបញ្ជូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូចប្រាសាទអង្គរវត្តផងដែរ។ លោកក៏បានលើកអំពីវិស័យសេដ្ឋកិច្ចរបស់ស្រុក Shaoyang  នឹងធ្វើការចាប់ដៃគ្នាក្នុងវិស័យទេសចរណ៍ និងកសិកម្មទៀតផង។

លោកបានឲ្យដឹងថា អ្នកវិនិយោគចិន មកពីស្រុក Shaoyang បានមកធ្វើវិនិយោគនៅកម្ពុជា និងខេត្តសៀមរាប រួមទាំងពាណិជ្ជករផងដែរ។ ម៉្យាងទៀត ស្រុក Shaoyang ដែលសម្បូរទៅដោយអ្នកដឹកនាំជាន់ខ្ពសនៃសាធារណរដ្ឋប្រជាមានិតចិន។ 

លោកបានបញ្ជាក់ថា រាល់សំណើររបស់រដ្ឋបាលខេត្តសៀមរាបលើកឡើង លោកនឹងដាក់ជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងធ្វើការផ្សព្វផ្សាយ អំពីសក្តានុពលរបស់ខេត្តសៀមរាប ជូនដល់ប្រជាជនចិន សំខាន់វិស័យកសិកម្ម និងទេសចរណ៍ផង​ដែរ៕