(កំពង់ឆ្នាំង)៖ សមយុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ត្រូវបានបិទបញ្ចប់ហើយ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ខណៈដែលសមយុទ្ធលើកទី៦នេះ កងទ័ពទាំងពីរមានពង្រីករហូតការធ្វើសមយុទ្ធកងទ័ពជើងទឹកលើកដំបូង «នាគមាស-២០២៤» ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ដែលធ្វើឡើងនៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ត្រូវបានរៀបចំពិធីបិទនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ។ សមយុទ្ធលើលំហសមុទ្រនេះធ្វើដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។

សមយុទ្ធកងទ័ពជើងទឹក លើកដំបូងរវាងកងទ័ពទាំងពីរ បានធ្វើឡើងរយៈពេល១២ថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា ដោយមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិន សរុប៧៨២នាក់ ក្នុងនោះសមយុទ្ធជើងទឹកលើកដំបូងនេះ កងទ័ពទាំងពីរ បានប្រើប្រាស់នាវាចំនួន ១៤គ្រឿង (កម្ពុជាមាននាវាចូលរួមចំនួន១១គ្រឿង ចិនមាននាវាចម្បាំង៣គ្រឿង) និងឧទ្ធម្ភាគចក្រចំនួន ០២គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតនាវាដឹកទំនិញ។

ពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២៤នេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង មេបញ្ជាការការរង និងជានាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្ដាសេនានុពន្ធ អនុពន្ធ័យោធាបរទេសប្រចាំនៅកម្ពុជា ក្រុមអ្នកសង្កេតការណ៍បណ្ដាប្រទេសអាស៊ាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ផងដែរ។

សមយុទ្ធនេះ ទាំងភាគីកម្ពុជា និងភាគីចិន សុទ្ធតែបានលើកឡើងប្រហាក់ប្រហែលគ្នាថា បានជំរុញឱ្យទំនាក់ទំនងកម្ពុជា និងចិន កាន់តែរឹងមាំស៊ីជម្រៅថែមទៀត ជាពិសេសលើវិស័យកងទ័ព តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បង្កើនការយល់ដឹងពីរបញ្ហាចម្រុះ និងនីតិវិធីប្រតិបត្តិការ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា សមយុទ្ធនាគមាសឆ្នាំ២០២៤ ទទួលបានជោគជ័យ ដោយកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ខណៈដែលសមយុទ្ធនាគមាសឆ្នាំ២០២៤នេះ រៀបចំឡើងដើម្បីអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពព្រទេសទាំងពីរ ពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា កិច្ចសហការ និរន្តរភាព រួមគ្នាថែរក្សាស្ថានភាព សន្តិភាពនៅក្នុងតំបន់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង មេបញ្ជាការការរង និងជានាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ក៏បានលើកឡើងពីភាពជោគជ័យ នៃសមយុទ្ធនាគមាសនេះផងដែរ និងថា សមយុទ្ធនេះ នឹងជំរុញឱ្យទំនាក់ទំនងកម្ពុជា និងចិនកាន់តែរឹងមាំស៊ីជម្រៅថែមទៀត ជាពិសេសវិស័យកងទ័ពតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បង្កើនការយល់ដឹងពីរបញ្ហាចម្រុះ និងនីតិវិធីប្រតិបត្តិការ យុទ្ធោបករណ៍ បច្ចេកទេសនិងជំនាញថ្មីៗ។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» បានចាប់ផ្តើមបើកកាលពីថ្ងៃទី១៦ និងបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ចំពោះកម្លាំងចូលរួមធ្វើសមយុទ្ធមានចំនួនសរុប ២,០៧៥នាក់ ក្នុងនោះកងទ័ពភាគីកម្ពុជា ចំនួន ១៣១៥នាក់, កងទ័ពភាគីចិន ចំនួន ៧៦០នាក់។ ដោយឡែកគ្រឿងបំពាក់សម្រាប់ចូលរួមធ្វើសមយុទ្ធលើគោក រួមមាន រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទសរុប ចំនួន ៦៩គ្រឿង រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសំអាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារ ជាច្រើនឈុតទៀត។

សម្រាប់សមយុទ្ធជើងទឹកធ្វើឡើងលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ភូមិសាស្ត្រខេត្តព្រះសីហនុ ចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុចែកជា ៣ក្រុមនាវា។ សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្តូរពិសោធន៍ ការបង្កើនសមត្ថភាព លើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា រួមចំណែកក្នុងបុព្វហេតុការពារសន្តិភាពក្នុងតំបន់៕