(កែប)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួងចុះត្រួតពិនិត្យ ការងារប្រគល់-ទទួលបច្ចេកទេស អនុគម្រោងសាងសង់ផ្លូវប្របឆ្នេរកែប និងអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

គម្រោងសាងសង់ផ្លូវប្របឆ្នេរកែប មានទីតាំងនៅក្នុងក្រុងកែប ខេត្តកែបនេះ ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជាអនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងខាងត្បូង។ ចំពោះគម្រោងសាងសង់កំពង់ផែកោះទន្សាយ មានទីតាំងនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប ត្រូវបានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជាអនុគម្រោងទី៣ ស្ថិតក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ននៃមហាអនុតំបន់មេគង្គជំហានទី២។

សូមជម្រាបជូនផងដែរថា ការចុះត្រួតពិនិត្យនេះមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានសាធារណការ តំណាងអគ្គនាយកដ្ឋានបច្ចេកទេស តំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ប្រធានគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕