(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធគម្រោង USAID អភិរក្ស (USAID Conserve) នៅថ្ងៃពុធ ទី២៩ ខែឧសភាព ឆ្នាំ២០២៤ នារាជធានីភ្នំពេញ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុង១ឆ្នាំ ជាការបោះជំហានទៅមុខយ៉ាងស្វាហាប់ សម្រាប់ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានថ្លែងថា កម្ពុជាគឺជាប្រទេសដំបូងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានដាក់ចេញ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ដែលមានទស្សៈវិស័យរយៈពេលវែង ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ បន្ថែមពីនេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ នោះគឺស្អាត បៃតង និងចីរភាព បានគិតគូគ្រប់ជ្រុងជ្រោយនូវ សកម្មភាពជាយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្ត «បញ្ចកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាប្រទេស «អព្យាក្រឹតកាបូននិងមានគម្របព្រៃចំនួន៦០% នៅឆ្នាំ២០៥០»។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះដៃគូសហការទាំងអស់ ទន្ទឹមនឹងនេះ ទីភ្នាក់ងារ USAID ដែលបានសហការជាមួយនឹងក្រសួងបរិស្ថាន ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។

លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា គោលបំណង និងសកម្មភាពរបស់គម្រោង USAID អភិរក្ស ដែលមានរយៈពេល ៥ឆ្នាំ នេះ អនុវត្តនៅ ខេត្តកោះកុង និងខេត្តព្រះសីហនុ តំបន់ទេសភាពព្រៃឡង់ និងតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប (តំបន់៣) មានភាពស៊ីចង្វាក់ជាមួយនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព ជាសេនាធិការក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន៕