(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះបង្ក្រាបបទល្មើសជលផល ដោយរុះរើរបាំងស្បៃមុងយកដុតបំផ្លាញចោល និងចាក់លេងកូនត្រី នៅចំណុចបឹងរំលាច ស្ថិតនៅក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ។

ប្រតិបត្តិការនេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយមន្ត្រីជលផល នៃនាយកដ្ឋាននីតិកម្ម រដ្ឋបាលជលផល ក្រុមប្រឹក្សាសង្កាត់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងសហគមន៍នេសាទរកាកណ្តាល ក្រុងក្រចេះ។

ការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ បានរុះរើបំផ្លាញចោល និងដកហូតបានឧបករណ៍នេសាទខុសច្បាប់មួយចំនួន រួមមាន របាំងព្រួលស្បៃមុងចំនួន ២៥របាំង មានប្រវែង ១៥០០ម៉ែត្រ លូស្បៃមុងចំនួន២៥មាត់លូ បង្គោលចម្រឹងឫស្សី ចំនួន ១៥០ដើម លែងត្រីចម្រុះចូលបឹងធម្មជាតិ ប្រមាណ ១៥គីឡូ។ ចំពោះវត្ថុតាងទាំងអស់ ត្រូវបានដុតបំផ្លាញចោល នៅចំណុចមាត់បឹងនោះតែម្តង។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានអំពាវនាវប្រជានេសាទទាំងអស់ ធ្វើយ៉ាងណាកុំនេសាទខុសច្បាប់ដូចជាការដាក់ស្បៃមុង ការប្រើប្រាស់ស្បៃរមុង ដែលបំភ្លេចបំផ្លាញទៅដល់ហ្វូងត្រីតូចធំ ពិសេសនៅក្នុងរដូវបិទឡូនេសាទចាប់ពីថ្ងៃទី១ ខែមិថុនារហូត ដល់ថ្ងៃទី៣០ ខែកញ្ញា។

លោកនាយខណ្ឌ ក៏បានអំពាវនាវកុំឲ្យប្រើប្រាស់ឧបករណ៍ឆក់ ឬការដាក់ថ្នាំបំពុលជាដើម ដែលធ្វើឲ្យមហន្តរាយពួជត្រី ក៏ដូចជាប៉ះពាល់ទៅដល់សុខភាពប្រជា ពលរដ្ឋអ្នកទទួលទានផងដែរ។ ជាមួយគ្នានោះ លោកស្នើឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីការពារធនធានជលផល ជាពិសេសសត្វផ្សោតនៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះឲ្យមាននិរន្តរភាព និងស្នើឱ្យអាជ្ញាធរមូលដ្ឋានទាំងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាមន្ទីរស្ថាប័នពាក់ព័ន្ធចូលរួមជាមួយ និងមន្ទីរជំនាញដើម្បីទប់ស្កាត់ និងបង្ក្រាបទល្មើសឲ្យមានប្រសិទ្ធភាពនៅក្នុងការអនុវត្តច្បាប់៕