(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល និងលោកជំទាវឧកញ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ត្រូវជាបងស្រីបង្កើតរបស់ សម្ដេច។

តាមរយៈសារលិខិតរំលែកទុក្ខ សម្តេចសភាធិការធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំមានសេចក្តីក្រៀមក្រំក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងមរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ម៉ាលី ត្រូវជាបងស្រីបង្កើតរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៤:២០នាទីរសៀល ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ»

សម្តេចសភាធិការធិបតី បានបន្ដទៀតថា មរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ម៉ាលី គឺជាការបាត់បង់នូវមាតាបង្កើត មាតាក្មេក ជីដូន ជីដូនក្មេក ជីដូនទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ដែលកន្លងមកបានចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំផ្តល់ដំបូន្មានល្អៗដល់កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ ឱ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យព្រះពុទ្ធសាសនា មនុស្សធម៌ និង សុខដុមរមនាសង្គម ឱ្យបានរីកចម្រើនរហូតមក។

ជាថ្មីម្ដងទៀត សម្តេចសភាធិការធិបតី ឃួន សុដារី បានបន្ថែមទៀតថា ក្នុងវេលាប្រកបដោយក្តីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ នាងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ សម្តេចចៅហ្វាវាំង និងលោកជំទាវឧកញ៉ា ព្រមទាំងក្រុមគ្រួសារ និង ញាតិមិត្តជិតឆ្ងាយទាំងអស់នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ គង់ ម៉ាលី សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕