(សៀមរាប)៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងលោក ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងាររដ្ឋបាលរបស់ខេត្តសៀមរាប ដល់ក្រុមប្រតិភូសមណៈនិសិ្សត ផ្នែករដ្ឋបាលសាធារណៈ និងនីតិសាស្ត្រឆ្នាំទី២និងទី៣ ទី៤ នៃសាកលវិទ្យាល័យន័រតុន ចំនួន ៩៣អង្គ/នាក់ ដែលដឹកនាំដោយលោក យិន សុភី  ប្រធានស្តីទី ផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យន័រតុន ដែលបានចុះធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងរដ្ឋបាលរបស់ខេត្តសៀមរាប ដែលអនុវត្តកន្លងមក។

លោក នាក់ ណេរ៉ុន បានធ្វើការស្វាគមន៍ ចំពោះវត្តមានលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យន័រតុន ដែលបានមកដល់លើទឹកដីអច្ឆរិយៈអង្គរដ៏រុងរឿង និងចូលរួមក្នុងកម្មវិធីបទបង្ហាញនាពេលនេះ។ លោក នាក់ ណេរ៉ុន បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឆន្ទៈយ៉ាងមោះមុត ដោយបានដាក់ចេញនូវកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនោះ បញ្ចកោណទី១ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើតតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មី សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោក នាក់ ណេរ៉ុន បានបន្តថា កម្មវិធីនេះ គឺជាការបើកចំហរ និងផ្ដល់ កាលានុវត្តភាពថ្មីមួយដល់សមណៈនិសិ្សត និងប្អូនៗនិស្សិតទាំងអស់ ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត ពីការគ្រប់គ្រងការងាររដ្ឋបាលជាក់ស្តែង នៅខេត្តសៀមរាប ដោយឆ្លុះបញ្ចាំងទាំងទ្រឹស្តី និងការអនុវត្ត។ លើសពីនេះទៅទៀត កម្មវិធីនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាព ធនធានមនុស្ស ឲ្យមានសមត្ថភាពបន្ថែមទៀត ក្នុងការរួមចំណែក អភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុ   វិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកក៏បានលើកនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនោះ បញ្ចកោណទី១ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើតតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មី សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោក នាក់ ណេរ៉ុន ក៏បានផ្តល់បាឋកថាដ៏ជក់ចិត្ត ស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដោយប្រមូលផ្តុំមាតិកាសំខាន់ៗមួយចំនួន រួមមាន៖ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍. គុណាធិបតេយ្យ. កំណែទម្រង់រដ្ឋបាលសាធារណៈ តួនាទីរបស់រដ្ឋាភិបាល និង សេចក្តីសន្និដ្ឋាន។ លោកសង្ឃឹមថា សមណៈនិស្សិត និងប្អូនៗនិស្សិត នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ល្អៗ តាមការរំពឹងទុក និងស្របតាមគោលបំណងនៃទស្សនកិច្ចសិក្សា។

ជាមួយនេះ លោក យិន សុភី បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ដែលបានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ជូនដល់ក្រុមនិសិ្សតសាកលវិទ្យាល័យន័រតុន ផ្នែករដ្ឋបាលសាធារណៈ និងនីតិសាស្ត្រឆ្នាំទី២ ទី៣ និងទី៤ បានទទួលនូវចំណេះដឹងបន្ថែមមួយកម្រិតទៀត ដើមី្បយកទៅចងក្រងជាប្រធានបទ ក្នុងពេលធ្វើសាវនាបញ្ចប់ការសិក្សារបស់ខ្លួន៕