(ភ្នំពេញ)៖ បុរសជនជាតិចិនមួយក្រុម ជិះរថយន្ដស៊េរីទំនើប២គ្រឿង បើកមកចតនៅច្រកចេញខុនដូរដាយមិនវ័ន ដើម្បីធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នាម្នាក់ដាក់ចូលរថយន្ដ តែមិនបានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើល ចំណុចខុនដូរដាយមិនវ័ន ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើយគេឃើញជនជាតិចិនមួយក្រុម ជិះរថយន្ដ២គ្រឿង មកឈប់ចាំនៅច្រកចេញមុខខុនដូរដាយមិនវ័ន។ ក្រោយមកជនរងគ្រោះដែលជាជនជាតិចិនដូចគ្នា ដើរចេញពីក្នុងខុនដូរមកក្រៅ ស្រាប់តែពួកគាត់ធ្វើសកម្មភាពចាប់ចូលរថយន្ដតែម្ដង ប៉ុន្ដែជនរងគ្រោះស្រែកឆោឡោ ផ្អើលសន្ដិសុខនៅក្បែរនោះ ទើបក្រុមជនសង្ស័យបើករថយន្ដគេចចេញបាត់។

រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ទើបព័ត៌មានដឹងដល់សមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះមកធ្វើការសួរនាំ និងនាំខ្លួនជនជាតិចិន២នាក់ យកទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕