(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅមុននេះបន្តិចថា ស្ត្រីម្នាក់ត្រូវបានរកឃើញថា មានផ្ទុកវីរុស Zika ពេលរូបនាងធ្វើដំណើរទៅដល់ទីក្រុងតូក្យូ ដែលវាជាករណីទី១១ហើយនៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
តាមការបញ្ជាក់ពីក្រសួងខាងលើនេះ ស្ត្រីដែលបានឆ្លងវីរុស Zika នោះមានអាយុ ៤០ឆ្នាំ ត្រូវបាន សត្វមូសខាំនៅប្រទេសវៀតណាម ហើយនៅអំឡុងពេលស្ត្រីរូបនេះធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នាងបានកើតអការៈឈឺក្បាល និង ឡើងកន្តួលនៅលើស្បែក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ក្រោយពីទទួលបានការពិនិត្យពីក្រុមគ្រូពេទ្យជប៉ុន ទើបបញ្ជាក់ស្ត្រីរូបនេះពិតជាមានផ្ទុក Zika មែន។
គួរបញ្ជាក់ថាស្ត្រីខាងលើនេះ បានសម្រាកនិងតាមដានជំងឺនៅឯមន្ទីរពេទ្យទីក្រុងតូក្យូរយៈពេលពីរថ្ងៃ ហើយនៅថ្ងៃសុក្រ សប្តាហ៍មុននេះទើបគ្រូពេទ្យបានសន្មត់ថា នាងបានឆ្លងវីរុស Zika។ ក្រសួងសុខាភិបាលវៀតណាម នៅពេលនេះកំពុងតែទាក់ទងទៅកាន់អាជ្ញាធរសុខាភិបាលជប៉ុន ដើម្បីស្នើសុំអាស័យដ្ឋានស្ត្រីផ្ទុកវីរុស Zika ខាងលើនេះនៅវៀតណាម ដែលអាចឲ្យអាជ្ញាធរចេញ សេចក្តីព្រមានឲ្យប្រជាជនក្នុងប្រទេស បង្កើនការប្រុងប្រយ័ត្នខ្ពស់ និង កម្ទេចជម្រកសត្វមូស៕