(ក្រចេះ)៖ ក្រុងក្រចេះ ត្រូវបានធ្វើពិធីប្រកាសទទួលស្គាល់ជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតី លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុម ការងារបច្ចេកទេសថ្នាក់ខេត្ត លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

ពិធីនោះ ក៏មានកាចូលរួមពីមន្ត្រីនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អជ្ញាធរក្រុង-ស្រុក តំណាងអង្គការដៃគូ មេឃុំ-ចៅសង្កាត់ យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋប្រមាណ៥០០នាក់។

តាមរបាយរាយការណ៍លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ បានបញ្ជាក់អំពីការងារអនាម័យក្រុងគិតត្រឹមឆ្នាំ២០២៤ មានអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន ស្មើនឹង១០០% និងអត្រាអនាម័យកម្រិតមូលដ្ឋានស្មើ នឹង៩៦.៤៦%។ នេះបើប្រៀបធៀបទូរទាំងខេត្ត ឃើញថា មានអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន ស្មើនឹង៨៤% និងអត្រាអនាម័យកម្រិតមូលដ្ឋាន ស្មើនឹង៧៤% ដែលអត្រានេះ ខ្ពស់ជាងសូចនាករផែនការសកម្មភាពខេត្ត។

លោកអភិបាលក្រុងបន្តថា សម្រាប់ការងារទឹកស្អាត ក្នុងឆ្នាំ២០២៤ ក្រុងក្រចេះ មានអណ្តូងស្នប់ និងអណ្តូងចម្រុះ ចំនួន៤៤៧អណ្តូងហើយចំពោះ អាជីវកម្មទឹកបរិសុទ្ធ មានចំនួន១២កន្លែង និងអាជីវកម្មទឹកគីឡូ មានចំនួន២កន្លែងផងដែរ។

លោក គង់ គឹមនី បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ក្នុងពិធីអបអរសាទរប្រកាសទទួលស្គាល់ជ័យលាភីក្រុងក្រចេះ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ១០០% ហៅកាត់ថា (ODF) ក្រោយពីក្រុមការងារបច្ចេក ទេស រាប់តាំងពីថ្នាក់សង្កាត់ ថ្នាក់ក្រុង និងថ្នាក់ខេត្តដែលបានអនុវត្តការងារលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ បានចុះវាយតម្លៃស្ថានភាពអនាម័យ តាមភូមិដ្ឋានខ្នងផ្ទះរបស់បងប្អូន ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ហាងលក់ភេសជ្ជៈ តាមអាគារទីសាធារណៈ ដូចជាសាលារៀន វត្តអារាម មណ្ឌលសុខភាព មន្ទីរពេទ្យជាដើម។

លោកអភិបាលរងខេត្តបន្តថា កត្តាជោគជ័យ និងលទ្ធផលសម្រេចបានដ៏ត្រចះត្រចង់នេះ សរបញ្ជាក់ឲ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្ត ចតុកោណនាអាណត្តិទី៥ និងទី៦ កន្លងមក និងបន្តការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពខេត្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៥ ដែលបានដាក់ចេញសំដៅបន្តលើកកម្ពស់ពង្រឹងសុខុមាលភាព អនាម័យបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកបានស្នើឲ្យតាមដាន និងជំរុញបន្តការសាងសង់បង្គន់អនាម័យនៅតាមមូលដ្ឋាន បង្កើនវប្បធម៌សហការឲ្យបានជិតស្និតជាមួយ អង្គការដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកជំនួយបច្ចេកទេស សម្ភារៈ និងថវិកាបន្ថែម ផ្សព្វផ្សាយគោលការណ៍ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ជាពិសេសចំនុចទី៦ ស្តីពីអនាម័យ និងបរិស្ថាន ក្នុងមូលដ្ឋានដែលត្រូវប្រឡង ប្រណាំងរៀងរាល់ឆ្នាំ បន្តដឹកនាំយុទ្ធនាការសំអាត អនាម័យតាមទីសាធារណៈនានាក្នុងមូលដ្ឋាន ដោយធានាថា មានអនាម័យល្អ ស្អាតជានិច្ច៕