(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ សមាជិកសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតេយ្យក្នុងពិធីបញ្ចុះបឋមសិលាកសាងស្ពានបេតុងឆ្លងស្ទឹង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងបានឧបត្ថម្ភថវិកាចំនួន ២០,០០០ដុល្លារ។

ពិធីនេះ មានការនិមន្តអញ្ជើញចូលរួមពីព្រះសុទត្តមុនី អ៊ុច សារិទ្ធ ព្រះរាជាគណៈថ្នាក់កិត្តិយស នឹងជាព្រះគ្រូអនុគណស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ និងលោក លោកស្រី ជាក្រុមការងារគណបក្សចុះស្រុកក្រឡាញ់ ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក សុខ ណារ៉េត បានលើកឡើងថា ស្រុកក្រឡាញ់ស្ថិតនៅផ្នែកខាងលិច ជាប់នឹងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្បន្ទាយមានជ័យ ខណ្ឌដោយស្ទឹងស្រែង ដែលជា ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ កន្លងមកការធ្វើដំណើរឆ្លងទៅមករបស់ប្រជាពលរដ្ឋក្រៅពីតាមបណ្តោយផ្លូវជាតិ គឺយើងប្រើប្រាស់ស្ពានយោល ចាប់ពីផ្នែកខាងលើរហូតដល់ផ្នែកខាងក្រោម ហើយមានស្ពានយោលមានចំនួន ១០កន្លែងផង​ដែរ។

លោក សុខ ណារ៉េត បន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋទាំងពីរស្រុកក្នុងការធ្វើការដំណើរប្រាស្រ័យទាក់ទងគ្នាទៅវិញទៅទៅមក ក៏ដូចជាការសម្រួលដល់ការដឹកជញ្ជូនទំនិញផ្សេងៗ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានស្រុកក្រឡាញ់ និងលោកជំទាវ បានចាប់ផ្តើម សាងសង់ស្ពានថ្មឆ្លងស្ទឹង០១កន្លែង ស្ថិតនៅភូមិឱម៉ាល់ ជាប់នឹងវត្តបត់ត្រង់ និងជាបន្តបន្ទាប់មកទៀត ក៏បានបន្តសាងសង់ រួមមាន៖

*សំណង់ទ្វាទឹក និងស្ពានថ្ម ក្នុងភូមិដំណាក់ខ្មាស់ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម
*ស្ពានថ្ម បេតុងអាមេឆ្លងស្ទឹង (បណ្តោយ ៥៥ម៉ែត្រ និងទទឹង ៥ ម៉ែត្រកន្លះ) ភ្ជាប់ពីភូមិអំពិល ឃុំសំបូរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាមួយភូមិអំពិល ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដឹកនាំសាងសង់ដោយព្រះតេជគុណបញ្ញាធរោ លន់ គឹមសាន ព្រះគ្រូចៅអធិការវត្តអម្ពិលពោធិប្រាក់ ព្រះថេរានុត្ថេរៈ ព្រមទាំងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកយាយ លោកតា ពុទ្ធបរិស័ទ ចំណុះជើងវត្តអម្ពិលពោធិកប្រាក់។

លោកបានបន្តថា ស្ពានថ្មឆ្លងស្ទឹងមុខវត្តទន្លាប់រង្សីបណ្តោយប្រវែង៤៦ ម៉ែត្រ និងទទឹងប្រវែង៨ម៉ែត្រ ដែលផ្តួចផ្តើ មកសាងដោយភិក្ខុថីរមុនី ជិត សារ៉ូ ចៅអធិការវត្តទន្លាប់ និងជាព្រះវិន័យធរស្រុកព្រះនេត្រព្រះ ស្ថិតក្នុងភូមិទន្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏បានចូលរួមថវិកាចំនួន ២០,០០០ ដុល្លារអាមេរិកផងដែរ) ក្នុងនោះដែរ រដ្ឋបានស្រុក និងរដ្ឋបាលឃុំសំបួរក៏ដាក់គម្រោងមូលនិធិឃុំឆ្នាំ២០២៣ នឹងសាង់សង់ផ្លូវបេតុ បណ្តោយប្រវែង១០៦០ ម៉ែត្រ និងទទឹងប្រវែង៥ ម៉ែត្រ កម្រាស់១.៥០ តឹង (មួយតឹកកន្លះ) អំពីផ្លូវដែលតភ្ជាប់ពីក្បាលស្ពានរហូតដល់ផ្លូវកៅស៊ូចំណុចភូមិគោកចាស់ផងដែរ។

អ្នកឧកញាបណ្ឌិត សៀង ណាំ សម្តែងនូវសេចក្តីសប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលាកសាងស្ពានបេតុងឆ្លងស្ទឹង នៅស្រុកក្រឡាញ់ ដែលភ្ជាប់ពីឃុំក្រឡាញ់ ខេត្តសៀមរាប ទៅឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សង់ស្ពានបេតុងឆ្លងស្ទឹងមានប្រវែងបណ្តោយ ៤៥ម៉ែត្រ និងទទឹង ៦.៥០ម៉ែត្រ ដោយមានការផ្តួចផ្តើមសាងសង់ដោយព្រះភិក្ខុកល្យាណោ ព្រិល បញ្ញា ព្រះចៅអធិការវត្តគោកដូងសំរោងក្អាង ហៅវត្តសំរោង ព្រះសង្ឃ អាចារ្យ គណៈកម្មការ វត្តគោកដូងសំរោងក្អាង (ហៅវត្តសំរោង) ទាំងអស់ និងសូមថ្លែងអំណរគុណជាអតិបរមាចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភជាថវិកា និងសម្ភារៈ ដើម្បីសាងសង់ស្ពានបេតុងឆ្លងស្ទឹងនេះ។

អ្នកឧកញាបណ្ឌិត សៀង ណាំ ក៏កោតសរសើរនូវមហាកម្លាំងសាមគ្គីធម៌ជាធ្លុងមួយ ដោយស្មោះអស់ពីដួងចិត្ត ចំពោះព្រះភិក្ខុកល្យាណោ ព្រិល បញ្ញា ព្រះចៅអធិការវត្តគោកដូងសំរោងក្អាង ហៅវត្តសំរោង ព្រះសង្ឃ អាចារ្យ គណៈកម្មការ វត្តគោកដូងសំរោងក្អាង (ហៅវត្តសំរោង)ទាំងអស់ និងសូមថ្លែងអំណរគុណជាអតិបរមាចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភជាថវិកា និងសម្ភារៈ ដើម្បីសាងសង់ស្ពានបេតុងឆ្លងស្ទឹងស្រុកក្រឡាញ់។

អ្នកឧកញាបណ្ឌិតសង្ឃឹមថា ការដំណើរការសាងសង់ស្ពានថ្មថ្មីនេះ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ តាមផែនការការគ្រងទុក ព្រោះនេះជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ស្រុកក្រឡាញ់ និងស្រុកព្រះនេត្រព្រះ ទទួលបានស្ពានឆ្លងស្ទឹង ក្នុងភូមិសាស្ត្រខេត្តទាំង២ គឺខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ជាពិសេស គឺដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនផងដែរ។

ក្នុងឱកាសនោះដែរ អ្នកឧកញាបណ្ឌិត សៀង ណាំ ក៏បានធ្វផ្លូវមួយខ្សែរ ប្រវែងជិត១គីឡូម៉ែត្រ ស្ថិតក្នុងភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងបានចែកសារ៉ុង ក្រណាត់ស និងថវិកាដល់អ្នកចូលរួមផងដែរ៕