(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាននៃក្រុម ប្រឹក្សាធម្មនុញ្ញ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី ដែលត្រូវជាបងស្រីបង្កើតសម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

មរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី គឺជាការបាត់បង់ដ៏ធំធេងនូវបងស្រី អ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់សម្ដេច និង លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ដែលពេញមួយជីវិតរបស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី បានបូជាកម្លាំងកាយ ចិត្ត បញ្ញា ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ ឱ្យក្លាយជាធនធាន មនុស្សដ៏មានតម្លៃ ប្រកបដោយកិរិយាមារយាទល្អ សីលធម៌ និងគុណធម៌ សម្រាប់សង្គមជាតិ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម និងភរិយា ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យជាមួយសម្តេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបួងសួងសូមបដិសន្ធិវិញ្ញាណរបស់ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី បានទទួលអនិច្ចកម្ម នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៤៖២០នាទីរសៀល ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ៕