(ស្វាយរៀង)៖ ដោយមើលឃើញពីសេចក្តីសោកសង្រេង នូវទឹកចិត្តរបស់ឪពុក ចំពោះការបាត់បង់កូនជាទីស្រឡាញ់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានចាត់ឱ្យលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខ ចំនួន២គ្រួសារ ដែលបាត់បង់កូនក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីកន្លងទៅ។

គ្រួសាររងគ្រោះទាំង២ មានទីលំនៅក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកវេជ្ជ. អ៊ុយ សំអាត បាននាំប្រសាសន៍ចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាមួយគ្រួសារសពទាំងពីរ ដែលបានបាត់បង់កូនជាទីស្រឡាញ់ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យុវជន ផាត ភារិត និងយុវជន តូច សុធា សូមបានចាប់កំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕