(ពោធិ៍សាត់)៖ យុវជនឈាមរាវម្នាក់ បានបើកម៉ូតូបង្ហោះបោះពួយ ក្នុងស្ថានភាពមេឃកំពុងតែភ្លៀង មិនប្រយ័ត្នក៏ទៅបុករថយន្តសាំយ៉ុងមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើកំណាត់ផ្លូវជាតិលេខ១៥៥ ចន្លោះគីឡូម៉ែត្រ២១ និង២២ ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ ឱ្យដឹងថា នាវេលាម៉ោងកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី ដោយរថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង ព័ណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2A-6269 បើកបរដោយឈ្មោះ សេក វុធថៃ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិគល់ទទឹង ឃុំសន្រ្ទែ (ពុំមានរងរបួសអ្វីទេ) ក្នុងទិសដៅពីត្បូងទៅជើង។

លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូ ០១គ្រឿង ម៉ាកអិចសង់ទ័រ ពណ៌សលាយក្រហម បើកបរក្នុងល្បឿនលឿន ដោយឈ្មោះ សាន់ វី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ ខាងលើ ពីជើងទៅត្បូង ទៅបុកត្រូវបានរថយន្តខាងលើ បណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។

ជុំវិញករណីនេះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋអះអាងថា ដោយសារអ្នកបើកបរម៉ូតូបានបង្ហោះ នៅពេលមេឃកំពុងតែភ្លៀង ហើយបានរ៉េចង្កូតចូលទៅខាងរថយន្ត រីឯម្ចាស់រថយន្តក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាង ម៉ូតូ និងរថយន្ត ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបន្តនីតិវិធី៕