(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី និងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១២ ដែលអនុវត្តផ្តោតលើក្រុមគោលដៅជាកុមារ គ្រួសារ មនុស្សចាស់ ជនមានពិការភាព និងជនរងគ្រោះ។

ក្នុងចំណោមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែលបានចុះហត្ថលេខានាពេលនេះ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន៦, អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៦ ដោយភាគច្រើនអនុវត្តគម្រោងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត នៅក្នុងប្រទេសកម្ពុជា ក្នុងទំហំគម្រោងថវិកាសរុបប្រមាណជាង២៤លានដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ (២០២៤-២០២៧)។

ក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស មានទំហំទឹកប្រាក់សរុបចំនួន ១៩,១៣៦,០៦៩ដុល្លារអាមេរិក សមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក មានចំនួន ៥,០៧៩,៥៤៩ដុល្លារអាមេរិក។

កិច្ចព្រមព្រៀងនេះ នឹងផ្ដោតលើវិស័យ៣ធំៗរួមមាន៖

*ទី១៖ សុខុមាលភាពកុមារ៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៧ អនុវត្តលើថវិកា ចំណាយសរុបចំនួន ៨,៧៨៤,៤៣២ដុល្លារអាមេរិក
*ទី២៖ គាំពារជនរងគ្រោះ៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៤ អនុវត្តលើថវិកាចំណាយសរុប ១៥,១៩៩,៦៦៦ ដុល្លារអាមេរិក
*ទី៣៖ ពិការភាព៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១ អនុវត្តលើថវិកា ចំណាយសរុប ២៣១,៥២០ ដុល្លារអាមេរិក។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងលើកឡើងជារឿយៗថា សមាគម អង្គការមិនមែនរដ្ឋាភិបាលបរទេស និងក្នុងស្រុក គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេស រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខដឹកនាំ បានប្រកាសពង្រឹង និងពង្រីកភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងក្របខ័ណ្ឌច្បាប់ស្ដីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល ដើម្បីលើកកម្ពស់នីតិរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមកិច្ចរបស់កម្ពុជា។

លោក ស៊ូនី វង្សវិសិដ្ឋ បានថ្លែងអំណរគុណចំពោះបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកន្លងមក និងពេលនេះ នៅតែបន្តកិច្ចព្រមព្រៀងគម្រោងជាថ្មីទៀត និងសូមស្វាគមន៍ចំពោះសមាគម អង្គការថ្មី ដែលបានស្នើសុំចុះកិច្ចព្រមព្រៀងគម្រោង ក្នុងការបង្កើតភាពជាដៃគូជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់រយៈពេល៣ឆ្នាំខាងមុខនេះ។

សូមបញ្ជាក់ថា ភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគម អង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបន្តបង្កើតឡើង តាមរយៈការចុះកិច្ចព្រមព្រៀងគម្រោងជាបន្តបន្ទាប់។

រហូតមកដល់ពេលនេះ គឺមានសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស បានចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងស.អ.យ. ដែលនៅមានសុពលភាពចំនួន១៥៨ ដោយក្នុងនោះ កំពុងអនុវត្តគម្រោងកិច្ចការពារកុមារចំនួន១០២ កិច្ចការគ្រួសារចំនួន២០ គាំពារជនរងគ្រោះចំនួន២០ ជនមានពិការភាពចំនួន១៥ និងមនុស្សចាស់ចំនួន១៕