(រតនគិរី)៖ លោក ទុន ពៅ ចៅសង្កាត់កាចាញ ក្រុងបានលុង និងលោក យន់ វិបុល មន្ត្រីសាលាខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញបើកឲ្យដេញថ្លៃ គម្រោងសាងសង់ ផ្លូវបេតុងអាមេប្រវែង៤០០ម៉ែត្រ, ទទឹង៦ម៉ែត្រ និងកម្រាស់០.១២ម៉ែត្រ។

ចូលរួមក្នុងពិធីខាងលើនេះ មានសមាជិកក្រុមប្រឹក្សាសង្កាត់កាចាញ, លោកមេភូមិ២, លោកអនុប្រធានភូមិ២ និងតំណាងក្រុមហ៊ុនចំនួន៣ផងដែរ។

លោក ទុន ពៅ បានឲ្យដឹងថា គម្រោងមូលនិធីឃុំ/សង្កាត់ឆ្នាំ២០២៤នេះ តម្លៃប៉ាន់ស្មាន២៣៤,៨៩៦,០៩៨រៀល មានក្រុមហ៊ុនចំនួន៣ចូលរួមដេញថ្លៃរួមមាន៖ ១៖ ក្រុមហ៊ុនក្រុមហ៊ុនពង្សការវិវឌ្ឍខនស្ត្រាក់សិន ដេញថ្លៃចំនួន១៣៤,៤០០,០០០រៀល (ទាបទី២), ២៖ ក្រុមហ៊ុនផាត សុខហ៊ាងឯ.កដេញថ្លៃ ចំនួន១១៧,០០០,០០០រៀល (ទាបជាងគេបំផុត) និង៣៖ ក្រុមហ៊ុនសូចរិយាដេញថ្លៃ ចំនួន១៥៤,៨០០,០០០រៀល (ទាបទី៣)។

លោក ទុន ពៅ បន្តថា ក្នុងចំណោមក្រុមហ៊ុនទាំង៣ ដែលចូលរួមដេញថ្លៃនេះ បើកសំបុត្រដេញថ្លៃទាបជាងគេបំផុត គឺក្រុមហ៊ុនផាត សុខហ៊ាងឯ.ក ក្នុងតម្លៃ១១៧,០០០,០០០រៀល ដូច្នេះដេញថ្លៃបានទៅលើក្រុមហ៊ុនផាត សុខហ៊ាងឯ.ក ដោយតម្លៃទាបជាងគេបំផុត។

លោក ទុន ពៅ បញ្ជាក់ឲ្យដឹងទៀត សំណើដេញថ្លៃដែលឈ្នះ គឺជាសំណើដេញថ្លៃ ដែលមានសុពលភាព និងបានដាក់តម្លៃទាបជាងគេបំផុត។ អ្នកដេញថ្លៃ ដែលឈ្នះមានកាតព្វកិច្ច ទទួលយកកិច្ចសន្យា, ក្នុងករណីមិនទទួលយកកិច្ចសន្យា អ្នកដេញថ្លៃឈ្នះនោះ នឹងមិនត្រូវបានអនុញ្ញាតឲ្យដាក់សំណើដេញថ្លៃគម្រោងឃុំ/សង្កាត់ទៀតឡើយ ហើយប្រាក់កក់ធានាដេញថ្លៃ នឹងត្រូវបានរឹបអូសផ្ទេរបង្វែបង់ចូលថវិការដ្ឋ ដោយបង់ជាចំណូលថវិការដ្ឋបាលឃុំ/សង្កាត់។

អ្នកដេញថ្លៃឈ្នះ ដែលត្រូវចុះកិច្ចសន្យាជាមួយឃុំ/សង្កាត់ ដើម្បីអនុវត្តកិច្ចសន្យា ត្រូវតំកល់ប្រាក់កក់ធានាអនុវត្តចំនួន១០% នៃតម្លៃកិច្ចសន្យា នៅធានាគារពាណិជ្ជ ដែលបានកំណត់នៅក្នុងសេចក្តីជូនដំណឹង ស្តីពី ការសម្រេចផ្តល់កិច្ចសន្យា ក្នុងទម្រង់ជា «លិខិតធានាប្រាក់កក់ធានាការអនុវត្ត» សម្រាប់កិច្ចសន្យានីមួយៗ។ អ្នកទទួលការត្រូវនាំយកមកជាមួយនូវលិខិតធានាប្រាក់កក់ ធានាការអនុវត្តច្បាប់ដើម ចំនួន១ច្បាប់ និងច្បាប់ថតចម្លងចំនួន១ច្បាប់ នៅពេលប្រជុំចុះហត្ថលេខា លើកិច្ចសន្យាជាមួយឃុំ/សង្កាត់។

បន្ថែមលើនេះទៀត សូមឲ្យអ្នកទទួលការសាងសង់ ឲ្យមានគុណភាព ចំពោះកិច្ចសន្យាសំណង់ អ្នកទទួលការមានកាតព្វកិច្ច ថែទាំលទ្ធផលកិច្ចសន្យា ក្នុងរយៈពេល៦ខែ បន្ទាប់បន្ទាប់ពីការសាងសង់ បើមិនដូច្នេះទេថវិកា១០% សម្រាប់ការទូទាត់ចុងក្រោយ នឹងមិនត្រូវបានទូទាត់ឡើយ។

ចុងបញ្ចប់គណៈកម្មការលទ្ធកម្ម ដែលត្រូវធ្វើការប្រកាសបើកការដេញថ្លៃ និងក្រុមហ៊ុនដែលទទួលការស្ថាបនាផ្លូវបេតុងអាមេខាងលើ បានទទួលយកលទ្ធផលប្រកប ដោយសេចក្តីសប្បាយរីករាយ៕