(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រធានបទទិវាកុមារអន្តរជាតិ ​១ មិថុនា ​និងទិវាកុមារកម្ពុជាឆ្នាំនេះគឺ ​«ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។

ឧបនាយករដ្ឋមន្រ្តី ស សុខា បានមានប្រសាសន៍បន្ថែមថា ប្រធានបទដែលបានលើកឡើងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កិច្ចការពារ និងរក្សាឧត្តមប្រយោជន៍របស់កុមារ ព្រោះថាកុមារ គឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងទៀតថា ការរៀបចំព្រឹត្តិការណ៍នៅថ្ងៃនេះ​គឺជាការបង្ហាញថាកម្ពុជា បាននិងកំពុងចូលរួមជាមួយនឹងបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយឡែកកុមារនៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​នាពេលនេះធ្វើឡើងក្នុងខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១មិថុនា​និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នៅសាលមហោស្រពនៃមជ្ឈមណ្ឌល និងពិព័រណ៌កោះពេជ្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា រាជរដ្ឋាភិបាលបន្តវេន ក៏ដូចជានៅអាណត្តិមុនៗដែរ ក៏បាន និងកំពុតែផ្តោតការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឲ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបានគុណភាព គុណតម្លៃ និងគុណធម៌ នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញា និងគោលការណ៍នីតិរដ្ឋ ក៏ដូចជាអនុសញ្ញា និងពិធីសារនានាពាក់ព័ន្ធនឹងសិទ្ធិកុមារ។

ថ្លែងក្នុងក្នុងឱកាសនោះ លោក ជា សុមេធី រដ្ឋមមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានលើកឡើងថា ក្រសួងសង្គមកិច្ច បានធ្វើបច្ចុប្បន្នភាពទិន្នន័យអនីតិជនដែលជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ក៏ដូចជាអនីតិជនដែលកំពុងស្នាក់នៅតាមមជ្ឈមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទា ដើម្បីរៀបចំផែនការសមាហរណកម្ម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាដើម។ ផ្តើមចេញពីនេះ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ បាននិងកំពុងពិនិត្យ ដើម្បីធានាការលើកម្ពស់សិទ្ធិកុមារឲ្យកាន់តែប្រសើរថែមទៀតរួមទាំងកម្មវិធីជំនួយសង្គម ដែលផ្តោតសំខាន់លើកិច្ចការពារកុមារ និងជនងាយរងគ្រោះ។

លោក ជា សុមេធី បានបន្តថា ព្រមជាមួយគ្នានោះ ក្រសួងស្ថាប័នអនុវត្តច្បាប់ និងអង្គការពាក់ព័ន្ធ បាននិងកំពុងបន្តចាត់វិធានការបង្រ្កាបបទល្មើសរួមមាន ការបង្រ្កាបអំពើជួយញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការផ្តល់សេវាជំនួយផ្នែកច្បាប់ដល់កុមាររងគ្រោះជាដើម។

រដ្ឋមមន្រ្តីក្រសួងសង្គមកិច្ចរូបនេះ បានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈយ៉ាងមោះមុតក្នុងការដោះស្រាយបញ្ហាកុមារ និងធ្វើឲ្យស្ថានភាពសុខុមាលភាពកុមារនៅកម្ពុជា កាន់តែល្អប្រសើរជាលំដាប់រួមជាមួយនិងកិច្ចសហការពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលបានបង្កើតនូវកម្មវិធីជាច្រើនក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីមាតាបិតា ក្រុមគ្រួសារ និងសហគមន៍ចំពោះបុត្រធីតា ជាទីស្រឡាញ់ផងដែរ៕