(កំពង់ធំ)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងអធិការកិច្ច និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត រួមសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរខេត្តកំពង់ធំ បានរៀបចំធ្វើ វេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋ ស្ថិតនៅក្នុងសាលាឃុំ​ចុងដូង ស្រុកបារាយណ៍។

លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការ បានថ្លែងថា​ យុទ្ធសាស្ត្របច្ចុកោណ និងគោលនយោបាយរបស់ជាតិផ្សេងៗដែលបានកំណត់គោលជាយុទ្ធសាស្ត្រក្នុងការពង្រឹង និងពង្រីកលទ្ធិប្រជាធិតតេយ្យនៅ មូលដ្ឋាន និងការជំរុញអភិវឌ្ឍន៍មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ វេទិការសាធារណៈគឺជាផ្នែកមួយ សម្រាប់ការធ្វើឱ្យប្រសើរនូវការឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោះស្រាយរាល់បញ្ហាប្រឈម របស់ប្រ​ជា​ពលរដ្ឋ​ឱ្យបានទាន់ពេលវេលា ហើយធានាបាននូវប្រសិទ្ធភាពខ្ពស់។

លោក ងួន រាសី អភិបាល​រងខេត្តកំពង់ធំ បានថ្លែងថា សំណូមពរប្រជាពលរដ្ឋ​​ជួយ​លាយលក្ខណ៍អក្សរទាំងអស់ ដាក់ជូនគណៈអភិបាលខេត្ត​ ដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់អស់ដល់​​ប្រជាពលរដ្ឋ​វិញតាមរយៈក្រុមប្រឹក្សា ក្រុមប្រឹក្សាឃុំ​ សង្កាត់ នូវលទ្ធផលនៃការដោះស្រាយបញ្ហា​ជូនលទ្ធផលជាវិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ។

លោកបន្តថា រដ្ឋបាលខេត្តកំពង់ធំ នឹងកែលម្អ ការផ្តល់សេវាសាធារណៈ របស់ខ្លួន ក្នុងកំណែទម្រង់មួយដ៏​ស៊ីជម្រៅ និងជាក់លាក់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពដែល អាចឆ្លើយ តបបានទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន​៕