(កណ្តាល)៖ អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ និងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ និងឈរលើភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ក៏ដូចជាអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ដាស់តឿនក្រើនរម្លឹកជាប្រចាំ ដល់មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម ពិសេសត្រូវក្តាប់ឲ្យបជាប់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺត្រូវបង្ក្រាបឲ្យបានរាល់បទល្មើសដែលកើតឡើង ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។

អនុវត្តន៍តាមទិសស្លោក របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា «ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ជំនាញ និងមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្រុក ឲ្យយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់នូវរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមន្ទីរជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ មានក្មេងទំនើងពីរក្រុមជិះម៉ូតូដេញកាប់គ្នា ទៅវិញទៅមកយ៉ាងពពាក់ពពូន និងយកកាំបិត ដបកែវ ទៅកាប់ គប់បំផ្លិចបំផ្លាញរបស់ប្រជាពលរដ្ឋ កម្លាំងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយបានកំណត់មុខសញ្ញាក្មេងទំនើងទាំងពីរក្រុមនេះ គឺជាមុខសញ្ញាចាស់ដែលតែងតែធ្វើសកម្មភាពអនាធិបតេយ្យជិះជ្រេ បង្ហោះម៉ូតូលើដងផ្លូវ ស្រែកហ៊ោកញ្ច្រៀវ កាប់ចាក់ វាយតប់គ្នា និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ករណីនេះកើតហេតុនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ចំណុចតូបលក់ផាក់ឡូវស្ថិតក្នុងភូមិព្រែកត្រែង ឃុំសំរោង ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្កឡើងដោយក្មេងទំនើងពីរក្រុម៖

*ក្រុមទី០១ មានគ្នាចំនួន ០៦នាក់ ភេទប្រុស (ឃាត់ខ្លួន០១នាក់ គេចខ្លួន០៥នាក់)

*ទី១៖ ឈ្មោះ ស៊ីណេត អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុខាងលើ (ឃាត់ខ្លួន)
*ទី២៖ ឈ្មោះ លីន អាយុប្រហែល២១ឆ្នាំ មុខរបរមិនពិតប្រាកដ (គេចខ្លួន)
*ទី៣៖ ឈ្មោះ លាន់ អាយុប្រហែល២១ឆ្នាំ មុខរបរមិនពិតប្រាកដ (គេចខ្លួន)
*ទី៤៖ ឈ្មោះ ឆក មុខរបរមិនពិតប្រាកដ (គេចខ្លួន)
*ទី៥៖ ឈ្មោះ រុន មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ អ្នកទាំង៤នាក់ មានទីលំនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
*ទី៦៖ ឈ្មោះ ទូច មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

*ក្រុមទី០២ មានគ្នាចំនួន ០៩នាក់ ភេទប្រុស (ឃាត់ខ្លួន០៧នាក់ គេចខ្លួន០២នាក់)

*ទី១៖ ឈ្មោះ ភក្ដី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកកាន់កាំបិតធ្វើសកម្មភាពផ្ទាល់ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន+)
*ទី២៖ ឈ្មោះ ប៊ុនលាប អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកចូលរួម (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន+) ដកហូតម៉ូតូម៉ាក YAMAHA គ្មានស្លាកលេខចំនួន ០១គ្រឿង អ្នកទាំង ០២នាក់ មានទីលំនៅភូមិ-ឃុំកើតហេតុជាមួយគ្នា។
*ទី៣៖ ឈ្មោះ ធារិទ្ធ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកចូលរួម (ឃាត់ខ្លួន)។ មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន+)។
*ទី៤៖ ឈ្មោះ ឌុលវណ្ណា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកចូលរួម (ឃាត់ខ្លួន)។
*ទី៥៖ ឈ្មោះ វិសិដ្ឋ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកចូលរួម (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន+)។ អ្នកទាំង ០៣នាក់មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ។
*ទី៦៖ ឈ្មោះ ម៉ាទី អាយុ២៣ឆ្នាំ មុខរបរលាងរថយន្ត មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ អ្នកចូលរួម (ឃាត់ខ្លួន)។ មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន+)។
*ទី៧៖ ឈ្មោះ ជ្រូក អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ (គេចខ្លួន)។
*ទី៨៖ ឈ្មោះ តយ អាយុ១៧ឆ្នាំ អ្នកចូលរួម (គេចខ្លួន)។
*ទី៩៖ ឈ្មោះ វ៉ាត់ អាយុ២៧ឆ្នាំ អ្នកចូលរួម (គេចខ្លួន)។ អ្នកទាំង៣នាក់មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយពីឃាត់ក្រុមក្មេងទំនើងទាំង០៧នាក់ខាងលើរួច នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បាននាំខ្លួនជនសង្ស័យឈ្មោះ ភក្តី (ហៅដូច) និងបក្ខពួក ០២នាក់ទៀតទៅយកកាំបិតផ្គាក់ ដែលខ្លួនបានលាក់ទុក ក្រោយពីធ្វើសកម្មភាពរួច និងបន្តទៅយកកាំបិតផ្គាក់ដងខ្លី០១ទៀតដែលជារបស់ឈ្មោះ ម៉ាទី លាក់ទុកនៅផ្ទះឈ្មោះ ជីវន្ត័ ក្រោយពីធ្វើសកម្មភាពរួច និងបានឃាត់ខ្លួនឈ្មោះ ជីវន្ត័ នៅចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន+)។

បន្ទាប់មកនាំខ្លួនជនសង្ស័យឈ្មោះ សុីណេត ទៅយកកាំបិតបុ័ងតោដងឈើ ០១ទៀត ដែលខ្លួនបានធ្វើសកម្មភាពកាប់ម៉ូតូរបស់ឈ្មោះ ភក្តី (ហៅដូច) នៅចំណុចជិតរោងចក្រជីផ្កាយ៥ ស្ថិក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ពួកក្រុមក្មេងទំនើងដែលជាជនសង្ស័យបានឆ្លើយសារភាពថា មុនដំបូងនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមទី១ មានឈ្មោះ វណ្ណា, ឈ្មោះ វីត, ឈ្មោះ ធី, ឈ្មោះ លីនណា ជួបជុំគ្នាផឹកស៊ីនៅក្រោយរោងចក្រជីផ្កាយប្រាំ រួចក៏បាននាំគ្នាជិះម៉ូតូទៅផ្ទះវិញ (ទិសដៅពីជីផ្កាយប្រាំទៅខាងអ្នកលឿង) មកដល់ហាងលក់ទូរសព្ទ័មួយកន្លែង នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ក៏ជួបក្រុមក្មេងទំនើងមួយក្រុម (ក្រុមទី២) កំពុងអង្គុយផឹកស៊ីជុំគ្នា ដែលមានឈ្មោះស៊ីណេត, ឈ្មោះលីន, ឈ្មោះ លាន់, ឈ្មោះឆក, ឈ្មោះ ទូច ពេលនោះពួកគេ (ក្រុមទី១) បានរោទិ៍ម៉ូតូ និងស្រែកឡូឡាដាក់ទៅក្មេងទំនើងក្រុមទី២ ដែលកំពុងផឹកស៊ី រួចក៏ជិះម៉ូតូចេញទៅ។

ពេលនោះឈ្មោះ ស៊ី ណេត និងបក្ខពួកម្នាក់ទៀតបានជិះម៉ូតូទៅតាមឈ្មោះទូច, ឈ្មោះ រុន ដោយបានដាក់កាំបិតបុ័ងតោទៅជាមួយផង ពេលជិះតាមទាន់ឈ្មោះ ស៊ីណេត បានស្គាល់ពីរនាក់ក្នុងចំណោមបួននាក់នោះ ហើយក៏បានជិះមូតូត្រឡប់មកវិញ ចំណេកពួកបួននាក់នោះក៏បានជិះម៉ូតូតាមមកពីក្រោយ ពេលមកដល់កន្លែងផឹកស៊ីវិញ ឈ្មោះ ស៊ីណេត បានហៅក្រុមនោះឲ្យចូលមកផឹកសុីជាមួយខ្លួន ព្រមទាំងបោះកាំបិតបុ័ងតោទៅលើតុ ហើយនិយាយទោកាន់ឈ្មោះ លីន ថាបួននាក់ហ្នឹង! មួយណាឈ្លើយកាប់មួយនឹងទៅ។
បន្ទាប់មកក្រុមក្មេងទំនើងបួននាក់នោះជិះម៉ូតូចេញបាត់ទៅ។ ហើយឈ្មោះ ស៊ីណេត ក៏បានត្រឡប់ទៅផ្ទះដែរ។ មួយសន្ទុះក្រោយមកឈ្មោះ ទូច បានទូរស័ព្ទទៅប្រាប់ឈ្មោះ សុីណេត ថា មានគេរកកាប់ខ្លួន (ទូច) លឺដូចនោះឈ្មោះ ស៊ីណេត យកកាំបិតដាក់តាមខ្លួននិងបបួលបក្ខពួកដើររកក្រុមក្មេងទំនើងម្ខាងទៀត។ ពេលជួបគូបដិបក្ខ ក្រុមរបស់ឈ្មោះ ស៊ីណេត ស្ទុះទៅដេញវាយនិងកាប់ទៅលើឈ្មោះ ភក្តី (ហៅដូច) តែឈ្មោះ ដូច បានរត់ចោលម៉ូតូទើបក្រុមឈ្មោះ សុីណេត បានកាប់បំផ្លាញម៉ូតូឈ្មោះ ភក្តី (ហៅដូច) រួចបានរត់គេចខ្លួនបាត់ទៅ។

លុះដល់យប់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងមួយក្រុមមានឈ្មោះ ភក្ដី,ឈ្មោះ ទូច ធារិទ្ធិ,ឈ្មោះ ហេង ម៉ាទី, ឈ្មោះ អាប់ឌុល វណ្ណា, ឈ្មោះ ជ្រូក,ឈ្មោះ តយ, ឈ្មោះ វ៉ាត់ បាននាំគ្នាយកកាំបិត ដំបង ដបកែវ មកកាប់ និងគប់ទៅលើតូបលក់ផាក់ឡូវរបស់ឪពុកឈ្មោះ ស៊ីណេត បណ្ដាលឲ្យខូចខាត។

ករណីនេះកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បាននាំជនសង្សយ័ទៅចាប់យកវត្ថុតាងមាន កាំបិតបុង័តោចំនួន ០១ កាំបិតផ្គាក់ចំនួន ០២ ម៉ូតូម៉ាYAMAHA (គ្មានស្លាកលេខ ) ចំនួន ០១គ្រឿង និងទូរសព្ទ័ដៃចំនួន ០៥គ្រឿង ។
បច្ចុប្បន្នជនសង្សយ័ដែលជាក្មេងទំនើងទាំង ០៨នាក់ និងវត្ថុតាង ត្រូវបានជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល។ ជំនាញបន្តស្រាវជ្រាវ តាមរុករកចាប់ជនសង្ស័យផ្សេងៗទៀត៕