(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតមរណទុក្ខ គោរពជូន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានកាកបាទក្រហមកម្ពុជា និង លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព របស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ម៉ាលី ដែលត្រូវជាបងស្រីបង្កើត សម្តេចចៅហ្វាវាំង។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារដូច្នេះថា៖ «ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយសម្តេចចៅហ្វាវាំង និងលោកជំទាវឧកញ៉ា ចំពោះមរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ម៉ាលី នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤៖២០នាទីរសៀល ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ម៉ាលី គឺជាការបាត់បង់បងស្រីបង្កើត មាតា ជីដូន ជីដូនទូត ដែលក្នុងមួយជីវិតរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តែងតែប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ដ៏ល្អប្រពៃ តស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ផ្តល់នូវឱវាទ ដំបូន្មានល្អៗដល់កូនចៅ ចៅទូត និងក្រុមគ្រួសារឱ្យរស់នៅប្រកបដោយគន្លងធម៌ ក្លាយជាបញ្ញវន្ត ជាធនធានមនុស្សដ៏មានតម្លៃនៅក្នុងសង្គមជាតិ និងចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។ លើសពីនេះទៅទៀត ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានរួមចំណែកកសាងសមិទ្ធផលជាច្រើន ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សូមឆាប់បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕