(ខេត្តព្រៃវែង)៖ គណៈកម្មាធិការកណ្ដាលនៃយុវជនគ្រីស្ទបរិស័ទកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកវគ្គហ្វឹកហ្វឺនអ្នកដឹកនាំស្តីអំពី «ក្រុមជំនុំមានសុខភាពល្អ» ដល់គ្រីស្ទបរិស័ទកម្ពុជា នៅខេត្តព្រៃវែង។

វគ្គហ្វឹកហ្វឺននេះ មានការចូលរួមបណ្តុះបណ្តាលដោយ ព្រឹទ្ធបូជាចារ្យ សរ​ ពល:​, លោកគ្រូ ប៉ា​ សុខា​,លោកគ្រូយោក គន្ធាសម្បូរណ៍,លោក ម៉ា រ៉ាវុធ, លោកគ្រូ​ កេត​ ច័ន្ទតារា​, លោក នៅ​ បូរ៉ា​ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានគណៈកម្មការកណ្ដាលនៃយុវជនគ្រីស្ទបរិស័ទកម្ពុជា។

នាឱាសនោះដែរ លោក នៅ បូរ៉ា តំណាងលោកបណ្ឌិត សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជាប្រធានគណៈកម្មាធិការកណ្ដាលអចិន្ត្រៃយ៍នៃយុវជនគ្រីស្ទបរិស័ទកម្ពុជា បានថ្លែងថា វគ្គហ្វឹកហ្វឺនប្រធានបទស្ដីអំពី ពួកជំនុំមានសុខភាពល្អ គឺហ្វឹកហ្វឺនដល់ថ្នាក់ដឹកនាំដើម្បីអោយចេះហ្វឹកហ្វឺនបន្តរដល់ពួកជំនុំក្នុងតំបន់អោយមានគុណភាព ភាពរីកចម្រើនខាងឯសីលធម៌ល្អ ភាពជាគំរូ ដែលជាអំបិលនិងពន្លឺ មានសេចក្តីស្រឡាញ់ដល់សហគមន៍ ជាពិសេសកិច្ចការចំពោះមុខគឺឆ្លើយតបតាមការត្រាស់ហៅ ឱ្យពេញដោយបរិបូណ៌ក្នុងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនៃយើង ដែលទ្រង់ហៅ ឱ្យបម្រើដល់ពួកជំនុំក្នុងតំបន់របស់ខ្លួនក្នុងសហគមន៍។

បន្ថែមពីនេះ លោក នៅ បូរ៉ា បានបន្តទៀតថា វគ្គហ្វឹកហ្វឺនអ្នកដឹកនាំគ្រីស្ទបរិស័ទកម្ពុជា គឺធ្វើឡើងជាបន្តបន្ទាប់ ដោយវិលជុំទាំង២៥ខេត្តក្រុង។ ជាក់ស្ដែងវគ្គហ្វឹកហ្វឺននេះ មានអ្នកចូលរួមប្រមាណជា៧៩នាក់​ មកពីតំណាងព្រះវិហារ និងគណៈនិកាយនៅក្នុងខេត្តព្រៃវែងទាំងមូល នៅក្នុងនោះ​មានអ្នកដឹកនាំយុវជន​សកម្ម មានប្រមាណជាង១៥នាក់ផងដែរ៕