(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបស្ថានទូតអាមេរិកក្តៅៗវិញថា៖ «ការចេញសេចក្តីប្រកាស ស្តីពីកង្វល់លើសិទ្ធិមនុស្សនៅកម្ពុជានេះ គឺជាការជ្រួលជ្រើមតាមគ្នា ជាពិសេសតាមប្រទេសមហាអំណាចមួយ នឹងទទួលបានព័ត៌មានតែម្ខាងប៉ុណ្ណោះ ព្រោះស្ថានភាពនៅកម្ពុជានាពេលបច្ចុប្បន្ន មានភាពប្រក្រតីធម្មតា មិនមានបញ្ហាសិទ្ធិមនុស្សដូចការលើកឡើង របស់ស្ថានទូតអាមេរិកនោះទេ»។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្រ្តីរូបនោះ បានបន្តសង្កត់ធ្ងន់ថា «ស្តាប់តែមួយចំហៀងទេ ជ្រួលគ្នាតាមប្រទេសមហាអំណាចខ្លះ មានឥទ្ធិពលលើកូនអុករបស់គេ ហើយបន្ទរតាមគ្នាទៅវិញទៅមក ប៉ុន្តែផ្ទុយទៅវិញជាក់ស្តែងសិទ្ធិមនុស្ស ទាក់ទងជាមួយប្រទសមួយចំនួនមហាអាក្រក់ ស្ថានភាពសិទ្ធិមនុស្សមួយចំនួន នៅបណ្តាប្រទេសនៅអាស៊ី នៅអឺរ៉ុប នៅអាហ្រ្វិកមួយចំនួន គឺអាក្រក់មហាអាក្រក់ហើយ តែដែរឃើញប្រទេសទាំងអស់នោះ រួមទាំងអាមេរិកចេញសេចក្តីថ្លែងការណ៍ និងប្រកាសស្តីធំដុំនោះ»។
លោក កែវ រ៉េមី បានឆ្លើយតបធ្ងន់ៗថា «យើងអត់ខ្វល់ទេ ស្ថានភាពប្រជាពលរដ្ឋនៅកម្ពុជា រស់នៅធម្មតា មិនមានអីផង ការធ្វើដំណើរ ការទទួលសិទ្ធិ, សិទ្ធិបញ្ចេញមតិ និងសិទ្ធិបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយ គឺដោយសេរី»។
សូមជំរាបថា នៅមុននេះបន្តិចនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសចំនួន៣៧បានចេញសេចក្តីប្រកាសរួមគ្នា ស្តីពីកង្វល់លើសិទ្ធិមនុស្សនៅកម្ពុជា។
៣៦ប្រទេសនេះរួមមានប្រទេសអាល់បានី អូស្រ្តាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន ប្រទេសចំនួន ២៨ ជាសមាជិកនៃសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក៕