(ភ្នំពេញ)៖ ទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ២០២៤ និងរៀបចំឡើងក្រោមប្រធានបទ៖ «ការពារកុមារពីការបំផ្លាញដោយឧស្សាហកម្មថ្នាំជក់» ស្របជាមួយនឹងទិវានេះ អង្គការសុខភាពពិភពលោក(WHO) បានអំពាវនាវឱ្យរដ្ឋភាគីនីមួយៗចូលរួមការពារកុមារ ពីការបំផ្លាញដោយឧស្សាហកម្មថ្នាំជក់។

កន្លងមកឧស្សាហកម្មថ្នាំជក់មួយចំនួនបានធ្វើទីផ្សាររបស់ខ្លួនក្រោមរូបភាពមួយចំនួនដូចជា៖ ការវេចខ្ចប់ផលិតផលឱ្យមានភាពទាក់ទាញជាងមុន ការផ្សាយលក់ផលិតផលនៅកន្លែងដែលកុមារទៅញឹកញាប់ជាពិសេសនៅតាមសាលារៀន ការជ្រៀតជ្រែកក្នុងការបង្កើតគោលនយោបាយ និងការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាដើម។ នេះបើតាមអង្គការសុខភាពពិភពលោក (WHO)។ https://shorturl.at/lbi4X

ជាយូរមកហើយដែលឧស្សាហកម្មថ្នាំជក់បានធ្វើយុទ្ធសាស្ត្រទីផ្សារបែបនេះ ដើម្បីទាក់ទាញអតិថិជនថ្មីៗ ជាពិសេសកុមារ និងយុវជន សម្រាប់ជំនួសអតិថិជនចាស់ៗដែលបានឈប់ប្រើប្រាស់ និងបានស្លាប់ដោយជំងឺដែលបង្កឡើងដោយថ្នាំជក់។

តាមការបញ្ជាក់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) បានបង្ហាញថា កុមារ និងយុវជន ងាយនឹងទទួលរងផលប៉ះពាល់ដែលបណ្តាលមកពីការ ឃោសនា ផ្សាយពាណិជ្ជកម្មថ្នាំជក់ ដែលធ្វើឱ្យពួកគេមានអាកប្បកិរិយាទោរទន់ចង់ជក់បារីច្រើនឡើង ហើយគិតថាការប្រើប្រាស់ថ្នាំជក់ជារឿងធម្មតា មិនមានផលប៉ះពាល់អ្វីទាំងអស់។

ផ្ទុយទៅវិញការប្រើប្រាស់ថ្នាំជក់ដែលមានជាតិនីកូទីន បង្កឱ្យមានផលប៉ះពាល់ដល់សុខភាពកុមារដូចជា៖ បញ្ហាផ្លូវដង្ហើម បញ្ហាសួតធ្ងន់ធ្ងរ ធ្វើឱ្យខួរក្បាលរបស់ក្មេងៗដែលកំពុងអភិវឌ្ឍ ងាយនឹងទទួលរងការបំផ្លាញដោយជាតិនីកូទីន ញៀនក្នុងរយៈពេលវែង និងវិវត្តទៅជាញៀនពេញមួយជីវិត ហើយអ្នកដែលស្រូបផ្សែងបារីពីគេ ក៏មានផលប៉ះពាល់ដល់សុខភាពដែរ ដូចជា៖ ការឆ្លងមេរោគផ្លូវដង្ហើម មេរោគក្នុងច្រៀក និងជំងឺហឺតជាដើម៕ https://seatca.org/wntd-2024/