(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ តាមធ្វើការស្រាវជ្រាវ រហូតតាមចាប់ ជនសង្ស័យម្នាក់ ជំនាញបន្លំធ្វើជាភ្ញៀវ ជិះតាមឡានក្រុង ដើម្បីលួចទ្រព្យសម្បត្តិ នាពេលកន្លងមក ហើយជននេះក៏ធ្លាប់ជាប់ ពន្ធនាគារទៀតផង ដោយសារបទល្មើសមួយនេះ។
លោកឧត្តមសេនីយ៍ត្រី កុល ផល្លី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ៤ និង៣០នាទី រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ការិយាល័យកណ្តាលនគរបាល ព្រហ្មទណ្ឌខេត្ត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ NATALIA SZER EHENT ភេទស្រី អាយុ២២ឆ្នាំ ជនជាតិប៉ូឡូញ កាន់លិខិតឆ្លងដែនលេខៈ EE85452735 (បាត់ទូរស័ព្ទដៃម៉ាក អាយហ្វូន 5s មួយគ្រឿង )និងឈ្មោះ BAJKEZY STZTOFKARAL ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិប៉ូឡូញ កាន់លិខិឆ្លងដែនលេខ ED5705404 (បាត់ទូរស័ព្ទដៃម៉ាក សាំសុង s5 មួយគ្រឿង)។
ការបាត់ទូរស័ព្ទនេះបានកើតមានឡើង ខណះដែលជនរងគ្រោះ ជិះរថយន្តឈ្នួលក្រុង ពីខេត្តសៀមរាបមក ខេត្តព្រះសីហនុ ដល់ចំណតរថយន្តម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ទើបដឹងបាត់ទូរស័ព្ទដៃ។ បន្ទាប់ពីបានទទួលបណ្តឹង ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានសហការជាមួយលោកស្នងការរងទទួលបន្ទុក ការិយាល័យទេសចរណ៍ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រោមការបញ្ជាផ្ទាល់ពី សំណាក់ស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ធ្វើការស្រាវជ្រាវតាមជំនាញ ទើបយើងកំណត់បានជនសង្ស័យ។
ជនសង្ស័យនេះកំពុងជិះរថយន្តក្រុង ពីខេត្តព្រះសីហនុដល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺហើយ។ ការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ បានផ្ដល់ដំណឹងឲ្យស្នងការរង និងជា ប្រធានការិយាល័យកណ្ដាល នគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ជួយអន្តរាគមន៍ ស្ទាក់ចាប់បាននៅម៉ោង ២២ និង ៣០នាទី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦។
មន្រ្តីនគរបាលបានបន្តថា ជនសង្ស័យឈ្មោះ វៀច សុខភា អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាលឹង ឃុំសេមក្សាន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក រយះពេល២ឆ្នាំ ក្នុងឆ្នាំ ២០១៣ ពីបទលួចសម្ភារក្នុងរថយន្តក្រុង)។
ជននេះមានជំនាញបន្លំ ធ្វើជាអ្នកដំណើរក្នុងរថយន្តក្រុង ដើម្បីធ្វើសកម្មភាពលួចសម្ភារភ្ញៀវ ដែលងងុយដេកក្នុងរថយន្តក្រុង។ ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងទូរស័ព្ទដៃ ចំនួន ២គ្រឿង របស់ជនរងគ្រោះ ហើយបានប្រគល់ឲ្យម្ចាស់វិញហើយ។ នៅពេលនេះ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ៕