(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សង្គ្រាមផ្តើមចេញពីពីផ្នត់គំនិតរបស់មនុស្ស ហេតុដូច្នេះត្រូវទប់ស្កាត់រាល់ផ្នត់គំនិតជ្រុលនិយម ទាំងក្នុងវិស័យសាសនា និងក្នុងវិស័យអាណាចក្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ស្របពេលជាមួយគ្នានេះ សម្តេចធិបតី បានអំពាវនាវត្រូវរួមគ្នាទប់ស្កាត់អំពើជ្រុលនិយមក្នុងសាសនា ដើម្បីបញ្ចៀសជម្លោះផ្នែកសាសនា។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «សង្គ្រាមមិនមែនផ្ទុះដោយសារអាវុធទេ វាផ្ទុះដោយសសារមនុស្ស។ វាកើតចេញពីផ្នត់គំនិតជ្រុលនិយម។ ជំនាន់អាពត កូនហ៊ានសម្លាប់ឪពុកម្តាយចោល គឺដោយសារមនុស្ស ផ្នត់គំនិតមនុស្ស មនោគមន៍វិជ្ជា ហ៊ានរាយការណ៍ឱ្យគេយកឪពុកម្តាយ (ទៅសម្លាប់) ដោយគ្មានការយោគយល់ ដោយសារផ្នត់គំនិត [...] អីចឹងហើយ ត្រូវទប់ស្កាត់រាល់ផ្នត់គំនិតជ្រុលនិយម ទាំងក្នុងសាសនា និងទាំងក្នុងអាណាចក្រ ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពទាំងអស់គ្នា ដើម្បីអនាគតយើងទាំងអស់គ្នា»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ ដែលនៅកម្ពុជាមានភាពសុខសាន្តផ្នែកសាសនា ដែលអ្នកប្រកាន់យកជំនឿសាសនាខុសគ្នា តែអាចរស់នៅក្នុងសហគមន៍តែមួយ រៀនសាលាជាមួយគ្នា និងប្រើប្រាស់សេវាសាធារណៈដទៃទៀត ដូចគ្នាផងដែរ៕