Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំយុវវ័យទាំងអស់កុំប្រកួតប្រជែងរឿងកាប់ដាវ និងកុំក្លាហានជាមួយអំពើខុសច្បាប់ (Video inside)

30-05-2024 11:08

(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើយុវវ័យទាំងអស់សូមកុំប្រកួតប្រជែងរឿងកាប់ ហើយកុំក្លាហានជាមួយអំពើខុសច្បាប់ ពោលត្រូវក្លាហានចូលរួមសកម្មភាពនៅក្នុងសង្គម ដើម្បីជាចំណែកក្នុងការអភិវឌ្ឍជាតិឲ្យកាន់តែប្រសើរ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សម្ដេចទើបបញ្ជាទៅកាន់អភិបាលខេត្តតាកែវ ឲ្យស្រាវជ្រាវករណីក្មេងទំនើងជិះម៉ូតូដេញកាប់គ្នានៅតាមដងផ្លូវ ស្ថិតក្នុងស្រុកត្រាំកក់ ដែលកើតឡើងប៉ុន្មានថ្ងៃនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្មួយត្រូវប្រកួតប្រជែងគ្នារឿងការងារសង្គម កុំប្រកួតប្រជែងគ្នារឿងកាប់ដាវ។ ម្សិលមិញបញ្ជាឲ្យចៅហ្វាយខេត្តតាកែវ រកឲ្យឃើញក្រុមកាប់ដាវនៅត្រាំកក់ ឥលូវរកបាន២-៣នាក់ហើយ តាមរកឲ្យឃើញ»

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ថា កន្លែងមួយចំនួនលួចលក់ដាវសាម៉ូរ៉ៃ ដែលជាសម្ភារក្មេងទំនើងប្រើប្រាស់ដើម្បីធ្វើសកម្មភាព ខណៈការលក់នូវសម្ភារនេះមិនមានតម្រូវការចាំបាច់ឡើយ ខុសពីសម្ភារមួយចំនួនដែលបម្រើឲ្យការងារកសិកម្ម។ សម្ដេចថា ជាការពិតអាវុធមិនអាចសម្លាប់មនុស្សបានទេ ពោលមនុស្សទេដែលប្រើប្រាស់អាវុធខុសទិសដៅ។

ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យខិតខំប្រឹងប្រែងបណ្ដុះឆន្ទៈ និងការអប់រំដល់យុវជន យុវតី ដែលជាវ័យមួយកំពុងចង់ឃើញ ចង់សាកនូវអ្វីដែលប្លែកៗ ដូច្នេះមិនអាចបណ្ដែតបណ្ដោយបានឡើយ ដោយត្រូវតែតម្រង់ទិសដើម្បីរក្សានូវធនធានមនុស្ស និងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

សូមរំលឹកថា ទាក់ទិនករណីក្មេងទំនើងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីសប្ដាហ៍កន្លងទៅ ទើបតែបានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តន៍ច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់តាំងលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

ក្រោយបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេសទាំងអស់ បានបើកប្រតិបត្តិការបង្ការ បង្ក្រាប និងទប់ស្កាត់ករណីក្មេងទំនើងបង្កអុកឡុកក្នុងសង្គម បានជាបន្ដបន្ទាប់ ហើយបញ្ជូនទៅកាន់សាលាដំបូងរាជធានី-ខេត្ត ដើម្បីចាត់ការបន្ដតាមច្បាប់ផងដែរ៕