(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ INTERKULTUR ដែលជាស្ថាប័ននាំមុខគេលើពិភពលោកក្នុងព្រឹត្តិការណ៍ចម្រៀងជាពួកអន្តរជាតិ សហការជាមួយក្រុមហ៊ុន All Dreams Cambodia និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងឱកាសថ្លែងសុន្ទរកថា និងប្រកាសបើកកម្មវីធីប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នាសាលចតុម្មុខ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកជាផ្លូវការនៃការប្រកួតជ្រើសរើសក្រុមចម្រៀងអន្តរជាតិភ្នំពេញលើកទី១។ លោកស្រី បានអរគុណស្ថាប័ននាំមុខគេលើពិភពលោកក្នុងព្រឹត្តិការណ៍ចម្រៀងជាពួកអន្តរជាតិមួយនេះ ដែលយកកម្ពុជា ធ្វើម្ចាស់ផ្ទះ ការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទីមួយ។

លោកស្រីបញ្ជាក់ថា «ការធ្វើដំណើរមកកាន់ព្រឹត្តិការណ៍ពិសេសនៅព្រះរាជាណាចក្រកម្ពុជានេះ ខ្ញុំសង្ឃឹមថា លោកលោកស្រី ភ្ញៀវកិត្តិយសនឹងចំណាយពេលវេលាទស្សនារាជធានីដ៏ស្រស់បំព្រងរបស់យើង។ ពីប្រវត្តិសាស្រ្តដ៏សម្បូរបែប ទៅដល់ទំនើបភាពរបស់រាជធានី ខ្ញុំជឿជាក់ថា ភ្នំពេញនឹងផ្តល់នូវភាពភ្ញាក់ផ្អើលជាច្រើនសម្រាប់លោក លោកស្រី»

ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ បង្កើតឡើងដោយ INTERKULTUR ជាស្ថាប័នដ៏ល្បីល្បាញទូទាំងពិភពលោកដែលមានការចក្ខុវិស័យរបស់ខ្លួនក្នុងការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈតន្ត្រី ហើយបានបង្រួបបង្រួមមនុស្សតាមរយៈភាសាតន្ត្រីនិងបានបណ្តុះបណ្តាល ជ័យលាភីក្រុមចម្រៀងជាង ១១,០០០ និងអ្នកចម្រៀង ៤៦០,០០០ នាក់ ។ ព្រឹត្តិការណ៍នេះបានបន្តសកម្មភាព ផ្តល់ជូននូវវេទិកាពិសេសសម្រាប់ការជួបជុំចម្រុះជាតិសាសន៍ និង ភាពស្រស់ស្អាតនៃការច្រៀងចម្រៀងជាពួក។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ដោយមានការចូលរួមពីក្រុមចម្រៀងចំនួន ៧ក្រុម និងអ្នកចូលរួមជាង ២០០ នាក់មកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងកម្ពុជា។

ក្រោយពីការច្រៀងចម្រៀងភ្លេងជាតិខ្មែរ និងការសម្តែងរបាំបុរាណព្រះរាជទ្រព្យ ទេព មនោរម្យ លោកស្រី កែវ សុខពិសី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានមតិស្វាមគមន៍យ៉ាងកក់ក្តៅ ដល់អ្នកចូលរួមប្រមាណជាង៤០០នាក់។

ដូចគ្នានេះដែរ លោក ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានមតិ និងបង្ហាញពីគោលបំណង នៃការប្រកូតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១នៅរាជធានីភ្នំពេញ ដើម្បីបង្កើនការរួមចំណែកកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ។

បន្ទាប់ពីសុន្ទរកថាថ្លែងអំណរគុណពីលោក Johan Rooze នាយកសិល្បៈជាន់ខ្ពស់ និងជាតំណាងរបស់ស្ថាប័ន INTERKULTUR ក៏មានការសម្តែងរបស់ក្រុមចម្រៀងជាពួករបស់បេក្ខជន បេក្ខនារីជាតិ និងអន្តរជាតិជាច្រើនដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងនេះ។ កម្មវិធីបន្ទាប់ គណៈអធិបតី ភ្ញៀវកិត្តិយស សិល្បករ សិល្បការិនីជាតិ និងភ្ញៀវអន្តរជាតិ ទទួលទានភេសជ្ជៈ និងអាហារសម្រន់ ជាកិច្ចបញ្ចប់នៃកម្មវិធី។

កម្មវិធីប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ ២០២៤នេះ រៀបចំឡើងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រហូតដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤។

ការប្រកួតប្រជែងនេះ នឹងបើកឲ្យចូលរួមទស្សនាដោយសេរី និង វាយតម្លៃដោយគណៈកម្មការជំនាញ ។ សិក្ខាសាលាចំនួនពីរដែលដឹកនាំដោយម្ចាស់បទ Peder Karlsson ដែលជាសហស្ថាបនិកនៃចលនាច្រៀងថ្មីនៃប្រទេសស៊ុយអែត នឹងផ្តល់ឱកាសសិក្សាដ៏មានតម្លៃសម្រាប់ តារាចម្រៀង និង ក្រុមចម្រៀងគ្រប់កម្រិតលើប្រធានបទសំខាន់ៗដូចជា ចង្វាក់ សំឡេង និងបច្ចេកទេសហាត់សមប្រកបដោយភាពច្នៃប្រឌិត។
ជារួមគ្នានេះដែរក្រុម ចម្រៀង នឹងចូលរួម សម្តែង ជា សាធារណៈ ក្នុងកម្មវិធី «ការប្រគំតន្ត្រី មិត្តភាព» នៅផ្សារ ទំនើប អ៉ីអនម៉លភ្នំពេញ ថ្ងៃទី ៣០ និង ៣១ ខែ ឧសភា ឆ្នាំ២០២៤។

ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ ២០២៤នេះ នឹងបញ្ចប់នៅថ្ងៃទី ១ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងកម្មវិធីប្រគល់រង្វាន់ និងកម្មពិធីបិទនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។

ការប្រគំតន្ត្រីមិត្តភាពនៅផ្សារទំនើបអ៉ីអនម៉លភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី៣០ និង ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់។ ការប្រកួតប្រជែងនេះ បើកឲ្យចូលរួមទស្សនាដោយសេរីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១១ ថ្ងៃត្រង់ រហូតដល់ម៉ោង ១២និង៣០នាទីរសៀល និង ចាប់ពីម៉ោង២រសៀល ដល់ម៉ោង ៤ល្ងាច នៅសាលប្រជុំ១ ។

ការប្រកួតយកជ័យលាភីឆ្នើម បើកឲ្យចូលរួមទស្សនាដោយសេរីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នាថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១០និង៣០នាទី រហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅសាលប្រជុំ១ ៕