(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រកាសឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋាន នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

សម្តេចបញ្ជាក់ថា ការពន្លឿនការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីបញ្ចប់ការលើកឡើងពីបញ្ហានានា ដែលសម្តេចហៅការលើកឡើងទាំងនោះថា «ជាការស្រមើស្រមៃ»

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា គម្រោងសាងសង់ព្រែកជីកហ្វូណននេះ វិនិយោគទុនភាគច្រើនជារបស់ខ្មែរ និងទុនមួយផ្នែកទៀត ជារបស់ក្រុមហ៊ុនវិនិយោគចិន ដែលមានបច្ចេកទេសក្នុងការសាងសង់។

ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «កិច្ចការងារនេះ [សង់ព្រែកជីកហ្វូណន] យើងមិនដំអក់ទេ ពេលដែលចាប់ផ្តើមសាងសង់ព្រែកជីកនេះ នឹងមានខ្មែរយើងចូលរួមភាគច្រើន ពិតណាស់យើងចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីគាត់មានបច្ចេកទេសហើយដាក់ទុនមួយចំនួន ហើយការបើកមិនចាំយូរនាំឱ្យយប់យន់សុបិនច្រើន ស្រមៃច្រើនពេក ចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្តង យើងនឹងបើកការរដ្ឋាននៅក្នុងខែប្រាំបី [សីហា] ខាងមុខនេះ»

ចំពោះគម្រោងព្រែកជីកហ្វូណននេះ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ចង់នរណាថាអីថាទៅ កម្ពុជាសាងសង់ព្រែកជីកនេះ ដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា ហើយជាគម្រោងដែលប្រជាពលរដ្ឋគាំទ្រ។

សម្តេចបានថ្លែងថា «នៅពេលស្មារតីខ្មែររួមគ្នា ដាក់ចិត្តនឹងធ្វើ ខ្មែរធ្វើបានសម្រាប់គម្រោងព្រែកជីកហ្វូណននេះ ទោះបីមិនមានការចូលរួមពីវិនិយោគិនខាងក្រៅក្តី»

សម្តេចនាយករដ្ឋមន្ត្រីចាត់ទុកថា គម្រោងព្រែកជីកហ្វូណនជាគម្រោងដ៏ពិសេស ជាគម្រោងផ្សេងៗ ព្រោះមានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាជនខ្មែរទូទាំងពិភពលោក ជាគម្រោងដែលមានលក្ខណៈជាតិនិយម។

សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕